ទំនុក‌តម្កើង 41

សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 មានសុភមង្គលហើយ

អ្នកដែលយកចិត្តទុកដាក់

នឹងមនុស្សកំសត់ទុគ៌ត!

ដ្បិតនៅថ្ងៃមានអាសន្ន

ព្រះ‌អម្ចាស់នឹងជួយអ្នកនោះជាមិនខាន។

2 ព្រះ‌អម្ចាស់នឹងថែ‌រក្សាអាយុជីវិតរបស់គេ

ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី

ព្រះ‌អង្គនឹងមិនបណ្ដោយឲ្យគេធ្លាក់

ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។

3 ព្រះ‌អម្ចាស់បីបាច់ថែ‌រក្សាគេ

នៅពេលគេឈឺធ្ងន់ក្រោកពុំរួច

ហើយព្រះ‌អង្គប្រោសគេ

ឲ្យមានសុខភាពល្អឡើងវិញ។

4 ខ្ញុំទូលព្រះ‌អម្ចាស់ថា ព្រះ‌អង្គអើយ

សូមប្រណីមេត្តាទូលបង្គំ

សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង

ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប

ទាស់នឹងព្រះ‌ហឫទ័យព្រះ‌អង្គហើយ។

5 សត្រូវរបស់ទូលបង្គំនាំគ្នា

និយាយអាក្រក់ពីទូលបង្គំ

គេបន់ឲ្យតែទូលបង្គំស្លាប់

គេបន់ឲ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។

6 អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំ

គេមានគំនិតមិនល្អទេ

គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ

ទាំងនិយាយបរិហារពីទូលបង្គំ។

7 អស់អ្នកដែលស្អប់ទូលបង្គំ

និយាយខ្សឹប‌ខ្សៀវដាក់គ្នាទៅវិញទៅមក

ប្រឆាំងនឹងទូលបង្គំ

ថាទូលបង្គំគេចមិនផុតពីស្លាប់។

8 គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ!

គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។

9 សូម្បីតែមិត្តសម្លាញ់ដ៏ជិត‌ស្និទ្ធរបស់ទូលបង្គំ

គឺអ្នកដែលទូលបង្គំទុកចិត្ត

ហើយជាអ្នកដែលបរិភោគអាហារ

រួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ ។

10 ចំពោះព្រះ‌អង្គវិញ ឱព្រះ‌អម្ចាស់អើយ

សូមប្រណីមេត្តាទូលបង្គំ

សូមប្រោសទូលបង្គំឲ្យបានជាឡើងវិញផង

នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ

ឲ្យសមនឹងអំពើរបស់គេ។

11 បើខ្មាំងសត្រូវរបស់ទូលបង្គំ

គ្មានជ័យ‌ជំនះលើទូលបង្គំទេនោះ

ទូលបង្គំនឹងដឹងជាក់ថា

ព្រះ‌អង្គពិតជាគាប់ព្រះ‌ហឫទ័យ

នឹងទូលបង្គំមែន។

12 ព្រះ‌អង្គបានជួយទូលបង្គំ

ដោយប្រោសទូលបង្គំឲ្យជាទាំងស្រុង

ហើយព្រះ‌អង្គប្រទានឲ្យទូលបង្គំ

នៅជាមួយព្រះ‌អង្គរហូតតទៅ។

13 សូមលើកតម្កើងព្រះ‌អម្ចាស់

ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល

អស់‌កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! អាម៉ែន!។