ទំនុក‌តម្កើង 4

ព្រះ‌ជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយក្រុមតន្ដ្រីមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌ជាម្ចាស់ដែលរកយុត្តិធម៌

ឲ្យទូលបង្គំអើយ

ពេលទូលបង្គំដង្ហោយហៅរកព្រះ‌អង្គ

សូមឆ្លើយតបមកទូលបង្គំផង!

ពេលទូលបង្គំមានទុក្ខ‌ធុរៈ

ព្រះ‌អង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ ។

សូមអាណិតមេត្តាទូលបង្គំ

សូមព្រះ‌សណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។

2 មនុស្ស‌ម្នាទាំង‌ឡាយអើយ

តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ

ដល់កាលណាទៀត?

តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់

ដោយឥតបានការ

និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត?

– សម្រាក

3 ត្រូវដឹងថាព្រះ‌អម្ចាស់តែងតែប្រោស‌ប្រណី

មនុស្សស្មោះត្រង់

ពេលណាខ្ញុំស្រែកអង្វររកព្រះ‌អម្ចាស់

ទ្រង់ព្រះ‌សណ្ដាប់ខ្ញុំជា‌និច្ច។

4 បើអ្នករាល់គ្នាច្រឡោតខឹង

មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ

តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។

– សម្រាក

5 ចូរថ្វាយយញ្ញ‌បូជាដ៏សុចរិត

ហើយពឹងផ្អែកលើព្រះ‌អម្ចាស់ចុះ។

6 មនុស្សជាច្រើនពោលថា:

តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ?

ព្រះ‌អម្ចាស់អើយ សូមទតមកយើងខ្ញុំ

ដោយព្រះ‌ហឫទ័យសប្បុរសផង!

7 ព្រះ‌អង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ

ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ

និងបេះផ្លែទំពាំង‌បាយជូរដ៏បរិបូណ៌ទៅទៀត។

8 ពេលទូលបង្គំចូលដំណេក

នោះទូលបង្គំនឹងដេកលក់ដោយសុខ‌សាន្តភ្លាម

ឱព្រះ‌អម្ចាស់អើយ មានតែព្រះ‌អង្គទេ

ដែលធ្វើឲ្យទូលបង្គំរស់នៅ

ដោយសុខ‌ដុម‌រមនា។