ទំនុក‌តម្កើង 39

ពាក្យសារ‌ភាពរបស់មនុស្សឈឺចុកចាប់

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេ‌ឌូ‌ថិន ។ ទំនុករបស់ស្ដេចដាវីឌ។

1 ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្ន‌ប្រយែង

ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត

ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសម្ដី។

ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ

ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។

2 ខ្ញុំបិទមាត់នៅស្ងៀម

គឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ!

ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។

3 ខ្ញុំក្ដៅជាខ្លាំង

ហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួន

រហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា:

4 ឱព្រះ‌អម្ចាស់អើយ

សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ

នៃជីវិតរបស់ទូលបង្គំផង

តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត

តើជីវិតទូលបង្គំផុយដល់កម្រិតណា?

5 ព្រះ‌អង្គបានបង្កើតជីវិតទូលបង្គំមក

ដូចទឹកដក់លើស្លឹកឈូក

គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ

ពិតមែនហើយ ជីវិតរបស់មនុស្សលោក

ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។

– សម្រាក

6 ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច

ជាស្រមោល អ្វីៗដែលគេខិត‌ខំធ្វើ

សុទ្ធតែឥតបានការ

គេប្រមូលទ្រព្យ‌សម្បត្តិទុក

តែគេពុំដឹងថាទ្រព្យ‌សម្បត្តិនោះ

នឹងបានទៅលើនរណាឡើយ។

7 ឱព្រះ‌អម្ចាស់អើយ

បើដូច្នេះតើឲ្យទូលបង្គំទន្ទឹងរង់‌ចាំអ្វី?

មានតែព្រះ‌អង្គទេ

ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។

8 សូមរំដោះទូលបង្គំឲ្យរួចពីអំពើបាប

ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត!

សូមកុំទុកឱកាសឲ្យមនុស្សល្ងី‌ល្ងើ

មាក់‌ងាយទូលបង្គំបានឡើយ។

9 ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ

ដ្បិតព្រះ‌អង្គទេតើដែលបានធ្វើទោសទូលបង្គំ។

10 សូមកុំធ្វើទារុណ‌កម្មទូលបង្គំទៀតឡើយ!

ដ្បិតទូលបង្គំស្ទើរតែស្លាប់

ដោយព្រះ‌អង្គវាយទូលបង្គំ។

11 ពេលព្រះ‌អង្គវាយប្រដៅមនុស្សណាម្នាក់

ដែលបានធ្វើខុស

ព្រះ‌អង្គធ្វើឲ្យអ្វីៗដែលអ្នកនោះ

ចូលចិត្តត្រូវវិនាសហិន‌ហោចដូចកណ្ដៀរស៊ីដែរ។

ពិតមែនហើយ ជីវិតមនុស្សលោក

ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។

– សម្រាក

12 ឱព្រះ‌អម្ចាស់អើយ

សូមព្រះ‌សណ្ដាប់ពាក្យទូល‌អង្វររបស់ទូលបង្គំ

សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផង

សូមកុំព្រងើយកន្តើយនឹងទំនួញ

យំសោករបស់ទូលបង្គំឡើយ

ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ

ជាបណ្តោះ‌អាសន្នជាមួយព្រះ‌អង្គ

ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។

13 សូមបែរព្រះ‌ភ័ក្ត្រចេញពីទូលបង្គំ

ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច

មុននឹងទូលបង្គំលាចាកលោកនេះ

រលាយសូន្យបាត់ទៅ។