ទំនុក‌តម្កើង 3

ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំ‌វិញ

ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ ក្នុងគ្រាដែលទ្រង់រត់ភៀសចេញពីសម្ដេចអាប់សាឡុម ជាព្រះ‌រាជបុត្រ។

1 ព្រះ‌អម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់!

រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំ

ក៏មានគ្នាច្រើនដែរ!

2 មានមនុស្សជាច្រើនពោលពីទូលបង្គំថា

«ព្រះ‌ជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។

– សម្រាក

3 ក៏ប៉ុន្តែព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គជាខែលការពារទូលបង្គំ

ព្រះ‌អង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំ

និងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។

4 ខ្ញុំស្រែកដង្ហោយហៅរកព្រះ‌អម្ចាស់

យ៉ាងអស់ពីដួងចិត្ត

ហើយព្រះ‌អង្គឆ្លើយតបមកខ្ញុំវិញ

ពីភ្នំដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ។

– សម្រាក

5 ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់

ហើយខ្ញុំភ្ញាក់ឡើងវិញ

ដ្បិតព្រះ‌អម្ចាស់ជួយគាំទ្រខ្ញុំ។

6 ទោះបីមានមនុស្ស‌ម្នាដ៏ច្រើនអនេក‌អនន្ត

លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដី

ក៏ខ្ញុំមិនភ័យខ្លាចដែរ។

7 ឱព្រះ‌អម្ចាស់អើយ សូមកុំនៅព្រងើយ!

ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង!

ដ្បិតព្រះ‌អង្គតែងតែទះកំផ្លៀងខ្មាំងសត្រូវ

ទាំងប៉ុន្មានរបស់ទូលបង្គំ

ព្រះ‌អង្គបំបាក់ធ្មេញរបស់មនុស្សពាល។

8 បពិត្រព្រះ‌អម្ចាស់មានតែព្រះ‌អង្គទេ

ដែលអាចសង្គ្រោះ!

សូមប្រទានពរដល់ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គផង!

– សម្រាក