ទំនុក‌តម្កើង 29

ព្រះ‌សូរសៀងរបស់ព្រះ‌អម្ចាស់

ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 ពពួកទេវតារបស់ព្រះ‌ជាម្ចាស់អើយ

ចូរនាំគ្នាតម្កើងព្រះ‌អម្ចាស់

ចូរលើកតម្កើងសិរី‌រុងរឿង

និងតេជា‌នុភាពរបស់ព្រះ‌អម្ចាស់។

2 ចូរលើកតម្កើងព្រះ‌នាមដ៏រុងរឿងរបស់ព្រះ‌អម្ចាស់

ចូរនាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់

នៅពេលព្រះ‌អង្គសម្តែងភាពវិសុទ្ធ

របស់ព្រះ‌អង្គ! ។

3 ព្រះ‌សូរសៀងរបស់ព្រះ‌អម្ចាស់

លាន់ឮឡើងនៅពីលើផ្ទៃទឹក

ព្រះ‌ជាម្ចាស់ប្រកបដោយសិរី‌រុងរឿង

ធ្វើឲ្យផ្គរ‌លាន់ឮឡើង

ព្រះ‌អម្ចាស់គង់នៅពីលើមហាសាគរ។

4 ព្រះ‌សូរសៀង របស់ព្រះ‌អម្ចាស់

លាន់ឮឡើងប្រកបដោយឫទ្ធា‌នុភាព

ព្រះ‌សូរសៀងរបស់ព្រះ‌អម្ចាស់

លាន់ឮឡើងប្រកបដោយភាពថ្កុំ‌ថ្កើង

5 ព្រះ‌សូរសៀងរបស់ព្រះ‌អម្ចាស់

ធ្វើឲ្យបាក់ដើមឈើដ៏ធំៗ

ព្រះ‌អម្ចាស់បំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។

6 ព្រះ‌អង្គធ្វើឲ្យដើមឈើទាំងនោះលោត

ដូចកូនគោលោត

ព្រះ‌អង្គធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន

លោត ដូចកូនក្របីលោត។

7 ព្រះ‌សូរសៀងរបស់ព្រះ‌អម្ចាស់

បានធ្វើឲ្យមានរន្ទះលេចចេញមក។

8 ព្រះ‌សូរសៀងរបស់ព្រះ‌អម្ចាស់

បានធ្វើឲ្យកក្រើកវាលរហោ‌ស្ថាន

ព្រះ‌អម្ចាស់ធ្វើឲ្យរញ្ជួយ

វាលរហោ‌ស្ថានកាដេស។

9 ព្រះ‌សូរសៀងរបស់ព្រះ‌អម្ចាស់

អង្រួនសត្វក្ដាន់ញីឲ្យកើតកូន

និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។

ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង

ក្នុងព្រះ‌វិហារថា

«សូមលើកតម្កើងសិរី‌រុងរឿងព្រះ‌អម្ចាស់!»។

10 ព្រះ‌អម្ចាស់គ្រប់‌គ្រងលើទឹកជំនន់ធំ

ព្រះ‌អម្ចាស់គ្រងរាជ្យរហូតតទៅ

11 ព្រះ‌អម្ចាស់ប្រទានឫទ្ធា‌នុភាព

ឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

ព្រះ‌អម្ចាស់ប្រទានពរឲ្យប្រជា‌រាស្ត្រ

របស់ព្រះ‌អង្គមានសន្តិ‌ភាព។