ទំនុក‌តម្កើង 28

ពាក្យអធិស្ឋាននៅពេលមានជំងឺ

ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ!

ទូលបង្គំស្រែកអង្វររកព្រះ‌អង្គ

ឱព្រះជាថ្ម‌ដានៃទូលបង្គំអើយ

សូមព្រះ‌សណ្ដាប់សម្រែករបស់ទូលបង្គំផង!

ប្រសិនបើព្រះ‌អង្គនៅស្ងៀម

មិនឆ្លើយនឹងទូលបង្គំទេនោះ

ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!

2 ពេលទូលបង្គំស្រែករកព្រះ‌អង្គ

ពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទី‌សក្ការៈ របស់ព្រះ‌អង្គ

សូមទ្រង់ព្រះ‌សណ្ដាប់ពាក្យទូល‌អង្វរ

របស់ទូលបង្គំផង។

3 សូមកុំឲ្យទូលបង្គំត្រូវវិនាសបាត់ទៅ

ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត

ដែលនិយាយរាក់‌ទាក់ជាមួយអ្នកដទៃ

តែមានកល‌ល្បិចនៅក្នុងខ្លួននោះឡើយ។

4 សូមដាក់ទោសអ្នកទាំងនោះ

ឲ្យសមតាមអំពើដែលគេប្រព្រឹត្ត

និងល្បិចកិច្ច‌កលរបស់គេ

សូមដាក់ទោសគេសមនឹងស្នា‌ដៃរបស់ខ្លួន

សូមឲ្យគេទទួលផលសមនឹងទោសរបស់ខ្លួន

5 ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ

របស់ព្រះ‌អម្ចាស់

ជាស្នាព្រះ‌ហស្ដដែលព្រះ‌អង្គបានធ្វើនោះទេ។

សូមព្រះ‌អង្គរំលំពួកគេ

កុំឲ្យងើបឡើងវិញបានឡើយ!។

6 សូមលើកតម្កើងព្រះ‌អម្ចាស់!

ដ្បិតទ្រង់ព្រះ‌សណ្ដាប់ពាក្យដែលខ្ញុំស្រែកអង្វរ។

7 ព្រះ‌អម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ

ខ្ញុំទុកចិត្តលើព្រះ‌អង្គ

ហើយព្រះ‌អង្គជួយសង្គ្រោះខ្ញុំ

ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង

ខ្ញុំនឹងសរសើរតម្កើងព្រះ‌អង្គដោយបទចម្រៀង!។

8 ព្រះ‌អម្ចាស់ការពារប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ

ព្រះ‌អង្គជាកំពែងសម្រាប់សង្គ្រោះស្ដេច

ដែលព្រះ‌អង្គបានចាក់ប្រេងអភិសេក។

9 សូមសង្គ្រោះប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

សូមប្រទានពរដល់កូនចៅរបស់ព្រះ‌អង្គ

សូមទ្រង់ធ្វើជាគង្វាល

ថែ‌រក្សាពួកគេរហូតតរៀងទៅ!។