ទំនុក‌តម្កើង 26

ពាក្យទូល‌អង្វររបស់មនុស្សសុចរិត

ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

សូមរកយុត្តិធម៌ឲ្យទូលបង្គំផង

ដ្បិតទូលបង្គំបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ!

ទូលបង្គំទុកចិត្តលើព្រះ‌អម្ចាស់

ដោយឥតសង្ស័យឡើយ។

2 ឱព្រះ‌អម្ចាស់អើយ សូមស្ទង់

និងល្បងមើលចិត្តទូលបង្គំ

សូមពិនិត្យមើលជម្រៅចិត្តគំនិតទូលបង្គំចុះ។

3 ទូលបង្គំនឹកគិតពីព្រះ‌ហឫទ័យមេត្តា

ករុណារបស់ព្រះ‌អង្គជា‌និច្ច

ហើយទូលបង្គំប្រព្រឹត្តតាម

សេចក្ដីពិតរបស់ព្រះ‌អង្គ។

4 ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សខិល‌ខូចឡើយ

ទូលបង្គំក៏មិនសេព‌គប់ជាមួយ

មនុស្សមានពុត‌ត្បុតដែរ។

5 ទូលបង្គំមិនចូលចិត្តនៅរួមជាមួយ

ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់

ហើយទូលបង្គំមិនអង្គុយរួមជាមួយ

មនុស្សពាលទេ។

6 ឱព្រះ‌អម្ចាស់អើយ ទូលបង្គំលាងដៃទុកជា

សញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅ‌ហ្មង

ហើយទូលបង្គំដើរជុំ‌វិញអាសនៈរបស់ព្រះ‌អង្គ

7 ទាំងបន្លឺសំឡេងច្រៀងអរព្រះ‌គុណព្រះ‌អង្គ

និងរៀបរាប់អំពីការអស្ចារ្យ

ទាំងប៉ុន្មានរបស់ព្រះ‌អង្គ។

8 ឱព្រះ‌អម្ចាស់អើយ!

ទូលបង្គំចូលចិត្តស្នាក់នៅក្នុង

ព្រះ‌ដំណាក់របស់ព្រះ‌អង្គណាស់

គឺនៅក្នុងកន្លែងដែលមានសិរី‌រុងរឿង

របស់ព្រះ‌អង្គស្ថិតនៅ។

9 សូមកុំទុកឲ្យទូលបង្គំស្លាប់ជាមួយ

មនុស្សបាបឡើយ

ហើយក៏កុំដកជីវិតទូលបង្គំ

រួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។

10 អ្នកទាំងនោះតែងប្រព្រឹត្តអំពើទុច្ចរិត

គ្រប់ពេលវេលា

ហើយពួកគេក៏ចូលចិត្តស៊ីសំណូកដែរ!

11 រីឯទូលបង្គំវិញ

ទូលបង្គំប្រព្រឹត្តតែអំពើទៀងត្រង់។

សូមរំដោះទូលបង្គំ

សូមប្រណីសន្ដោសទូលបង្គំផង!។

12 ទូលបង្គំឈរនៅកន្លែងដ៏សុចរិត

ទូលបង្គំនឹងលើកតម្កើងព្រះ‌អម្ចាស់

នៅក្នុងអង្គប្រជុំ!។