ទំនុក‌តម្កើង 24

ព្រះ‌មហា‌ក្សត្រដ៏ឧត្ដម

ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 ផែនដី និងអ្វីៗសព្វសារ‌ពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះ‌អម្ចាស់

ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង

ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះ‌អង្គដែរ!

2 គឺព្រះ‌អង្គហើយដែលបានចាក់គ្រឹះផែនដី

ពីលើសមុទ្រ

ហើយធ្វើឲ្យវាស្ថិតនៅយ៉ាងរឹង‌ប៉ឹង

ពីលើទន្លេនានា។

3 តើនរណាអាចឡើងទៅលើភ្នំ

របស់ព្រះ‌អម្ចាស់បាន?

តើនរណាអាចឈរនៅក្នុងព្រះ‌វិហារ

ដ៏‌វិសុទ្ធរបស់ព្រះ‌អង្គបាន?

4 មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ

និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន

គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយ‌បង្គំ

ព្រះក្លែង‌ក្លាយ និងនិយាយស្បថ‌ស្បែបំពាន។

5 ព្រះ‌អម្ចាស់នឹងប្រទានពរដល់គេ

ហើយព្រះ‌ជាម្ចាស់ជាព្រះ‌សង្គ្រោះ

នឹងប្រោសគេឲ្យបានសុចរិតដែរ។

6 គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះ‌អង្គ

ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។

– សម្រាក

7 ឱទ្វារទាំង‌ឡាយអើយ ចូរបើកចំហ!

ខ្លោងទ្វារដ៏នៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ចអើយ

ចូរចំហឲ្យធំ

ដើម្បីឲ្យព្រះ‌មហា‌ក្សត្រ

ប្រកបដោយសិរី‌រុងរឿងយាងចូលមក!

8 តើព្រះ‌មហា‌ក្សត្រប្រកបដោយ

សិរី‌រុងរឿងនេះជានរណា?

-ព្រះ‌អម្ចាស់ប្រកបដោយព្រះ‌ចេស្ដាដ៏ខ្លាំងពូកែ

ព្រះ‌អម្ចាស់ជាអ្នកចំបាំងដ៏ជំនាញ។

9 ឱទ្វារទាំង‌ឡាយអើយ ចូរបើកចំហ!

ខ្លោងទ្វារដ៏នៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ចអើយ

ចូរចំហឲ្យធំ ដើម្បីឲ្យព្រះ‌មហា‌ក្សត្រ

ប្រកបដោយសិរី‌រុងរឿងយាងចូលមក!

10 តើព្រះ‌មហា‌ក្សត្រប្រកបដោយ

សិរី‌រុងរឿងនេះជានរណា?

-ព្រះ‌អម្ចាស់នៃពិភពទាំងមូល*

គឺព្រះ‌អង្គហើយដែលជាព្រះ‌មហា‌ក្សត្រ

ប្រកបដោយសិរី‌រុងរឿង!។

– សម្រាក