ទំនុក‌តម្កើង 23

ព្រះ‌អម្ចាស់ជាគង្វាលខ្ញុំ

ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 ព្រះ‌អម្ចាស់ជាគង្វាលខ្ញុំ

ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។

2 ព្រះ‌អង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី

ព្រះ‌អង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់

នៅក្បែរមាត់ទឹក ។

3 ព្រះ‌អង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ

ព្រះ‌អង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត

ដោយយល់ដល់ព្រះ‌កិត្តិនាមរបស់ព្រះ‌អង្គ។

4 ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ

នៃសេចក្ដីស្លាប់ ក៏ដោយ

ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ

ដ្បិតព្រះ‌អង្គគង់នៅជាមួយទូលបង្គំ

ព្រះ‌អង្គការពារ និងរក្សាទូលបង្គំជា‌និច្ច ។

5 ព្រះ‌អង្គរៀបចំពិធីជប់‌លៀងឲ្យទូលបង្គំ

នៅមុខបច្ចា‌មិត្តរបស់ទូលបង្គំ

ព្រះ‌អង្គបានចាក់ប្រេងលើទូលបង្គំ

ដើម្បីលើកកិត្តិយសទូលបង្គំ

ហើយព្រះ‌អង្គបានបំពេញពែង

ទូលបង្គំយ៉ាងហូរ‌ហៀរ។

6 ខ្ញុំដឹងជាក់ច្បាស់ណាស់ថា

ព្រះ‌អង្គនឹងប្រទានសុភមង្គលឲ្យទូលបង្គំ

ហើយព្រះ‌អង្គប្រណីសន្ដោសទូលបង្គំ

យ៉ាងស្មោះ‌ស្ម័គ្រជារៀងរាល់ថ្ងៃ អស់មួយជីវិត។

ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់

មកក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ជា‌និច្ច។