ទំនុក‌តម្កើង 21

ពាក្យអរព្រះ‌គុណចំពោះជ័យ‌ជំនះ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។

1 ព្រះ‌អម្ចាស់អើយ

ព្រះ‌រាជាមានអំណរណាស់

ព្រោះព្រះ‌អង្គប្រទានកម្លាំង

ព្រះ‌រាជាមានអំណររីក‌រាយជាខ្លាំង

ព្រោះព្រះ‌អង្គប្រទានឲ្យមានជ័យ‌ជំនះ។

2 ព្រះ‌អង្គប្រទានឲ្យព្រះ‌រាជា

បានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បាន

គឺព្រះ‌អង្គពុំបានបដិសេធពាក្យទូល‌អង្វរ

របស់ព្រះ‌រាជាឡើយ។

– សម្រាក

3 ព្រះ‌អង្គបានយាងមកជួបព្រះ‌រាជា

ទាំងនាំយកព្រះ‌ពរដ៏ប្រសើរមកជាមួយផង

ព្រះ‌អង្គបានយកមកុដមាសសុទ្ធ

មកបំពាក់ព្រះ‌សិរសារបស់ព្រះ‌រាជា។

4 ពេលព្រះ‌រាជាទូលសូមជីវិត

ព្រះ‌អង្គប្រទានឲ្យស្ដេចមានជីវិត

និងមានជន្មាយុយឺន‌យូរជាអង្វែងតរៀងទៅ។

5 ដោយព្រះ‌អង្គសង្គ្រោះ

ព្រះ‌រាជាបានទទួលសិរី‌រុងរឿងយ៉ាងខ្លាំង

ព្រះ‌អង្គប្រទានឲ្យទ្រង់បានថ្កុំ‌ថ្កើង

ឧត្ដុង្គ‌ឧត្ដម។

6 ព្រះ‌អង្គប្រទានឲ្យទ្រង់

បានប្រកបដោយព្រះ‌ពរជា‌និច្ច

ដោយព្រះ‌អង្គគង់នៅជាមួយ

នោះព្រះ‌រាជាមានអំណរយ៉ាងបរិបូណ៌។

7 ព្រះ‌រាជាពឹងផ្អែកលើព្រះ‌អម្ចាស់

ហើយដោយ‌សារព្រះ‌ហឫទ័យសប្បុរស

ស្មោះត្រង់របស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

រាជ្យរបស់ព្រះ‌រាជានឹងមិនត្រូវរលំសោះឡើយ។

8 ព្រះ‌ករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន

របស់ព្រះ‌អង្គ

ព្រះ‌អង្គនឹងប្រើអំណាចចាប់អស់អ្នក

ដែលស្អប់ព្រះ‌អង្គ។

9 នៅថ្ងៃព្រះ‌ករុណាយាងមកដល់

ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុស

សូមព្រះ‌អម្ចាស់រំលាយពួកគេចោល

ដោយ‌សារព្រះ‌ពិរោធរបស់ព្រះ‌អង្គ

ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។

10 ព្រះ‌ករុណានឹងលុបបំបាត់ពូជ‌ពង្ស

របស់ពួកគេឲ្យបាត់អស់ពីផែនដី

ទ្រង់នឹងប្រហារពួកគេឲ្យផុតពូជ។

11 ពួកគេឃុប‌ឃិតគ្នាធ្វើបាបព្រះ‌ករុណា

តែពួកគេគ្មានកម្លាំងអាចសម្រេច

តាមគម្រោង‌ការរបស់ខ្លួនបានឡើយ

12 ដ្បិតព្រះ‌ករុណាបានធ្វើឲ្យពួកគេបរា‌ជ័យ

ហើយព្រះ‌អង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។

13 ឱព្រះ‌អម្ចាស់អើយ

សូមតើនឡើងសម្តែងឫទ្ធិ‌បារមី!

យើងខ្ញុំសូមច្រៀង និងស្មូត្រលើកទំនុក‌តម្កើង

ឫទ្ធា‌នុភាពរបស់ព្រះ‌អង្គ!