ទំនុក‌តម្កើង 20

ពាក្យទូល‌អង្វរសុំជ័យ‌ជំនះ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។

1 សូមព្រះ‌អម្ចាស់ឆ្លើយតបនឹងព្រះ‌រាជា

នៅថ្ងៃដែលស្ដេចមានអាសន្ន

សូមព្រះ‌នាមព្រះរបស់លោកយ៉ាកុប

ការ‌ពារព្រះ‌រាជា!។

2 សូមព្រះ‌អង្គជួយព្រះ‌រាជា

ពីព្រះ‌វិហាររបស់ព្រះ‌អង្គ

សូមព្រះ‌អង្គគាំទ្រព្រះ‌រាជាពីភ្នំស៊ីយ៉ូន!។

3 សូមឲ្យព្រះ‌អង្គនឹកឃើញតង្វាយ

ទាំងប៉ុន្មានរបស់ព្រះ‌រាជា

ហើយសូមឲ្យព្រះ‌អង្គគាប់ព្រះ‌ហឫទ័យ

នឹងយញ្ញ‌បូជាដែលស្ដេចយកមកថ្វាយ!។

– សម្រាក

4 សូមព្រះ‌អង្គប្រទាននូវអ្វីៗមកព្រះ‌រាជា

តាមតែទ្រង់ប្រាថ្នា និងធ្វើឲ្យគម្រោង‌ការ

របស់ព្រះ‌រាជាបានសម្រេចទាំងអស់!។

5 យើងនឹងស្រែកហ៊ោដោយអំណរ

ព្រោះតែស្ដេចមានជ័យ‌ជំនះ

យើងនឹងលើកទង់ជ័យឡើង

ក្នុងព្រះ‌នាមព្រះ‌ជាម្ចាស់របស់យើង។

សូមព្រះ‌អម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន

ដែលព្រះ‌រាជាទូលសូម។

6 ឥឡូវនេះ ខ្ញុំដឹងច្បាស់ថាព្រះ‌អម្ចាស់សង្គ្រោះ

ព្រះ‌រាជាដែលព្រះ‌អង្គបានចាក់ប្រេងអភិសេក

ព្រះ‌អង្គឆ្លើយតបនឹងព្រះ‌រាជា

ពីទី‌សក្ការៈរបស់ព្រះ‌អង្គនៅស្ថានបរម‌សុខ

គឺព្រះ‌អង្គប្រទានឲ្យព្រះ‌រាជាមានជ័យ‌ជំនះ

ដោយ‌សារឫទ្ធិ‌បារមីដ៏ខ្លាំងពូកែរបស់ព្រះ‌អង្គ ។

7 អ្នកខ្លះពឹងផ្អែកលើរទេះចំបាំងរបស់ខ្លួន

អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន

រីឯយើងវិញ យើងទុកចិត្តលើព្រះ‌នាមព្រះ‌អម្ចាស់

ជាព្រះរបស់យើង។

8 អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរា‌ជ័យ

រីឯយើងវិញ

យើងនៅមានជំហរយ៉ាងរឹង‌ប៉ឹងមាំ‌មួន។

9 ព្រះ‌អម្ចាស់អើយ

សូមសង្គ្រោះព្រះ‌រាជាផង!

ពេលយើងខ្ញុំអង្វររកព្រះ‌អង្គ

សូមឆ្លើយតបមកយើងខ្ញុំវិញផង!