ទំនុក‌តម្កើង 2

ព្រះ‌មហា‌ក្សត្រដែលព្រះ‌ជាម្ចាស់ចាក់ប្រេងអភិសេក

1 ហេតុអ្វីបានជាប្រជា‌ជាតិទាំង‌ឡាយ

នាំគ្នាបង្កើតកោលា‌ហល

ហើយប្រជា‌រាស្ត្រនានារអ៊ូ‌រទាំ

ដោយឥតខ្លឹម‌សារយ៉ាងនេះ?

2 ពួកស្ដេចនៅលើផែនដីបានពួត‌ដៃគ្នាបះ‌បោរ

ហើយពួកអ្នកដឹកនាំឃុប‌ឃិតគ្នា

ប្រឆាំងនឹងព្រះ‌អម្ចាស់

ព្រមទាំងប្រឆាំងនឹងព្រះ‌មេស្ស៊ីរបស់ព្រះ‌អង្គ

ដោយពោលថា៖

3 «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះ‌អង្គ

ហើយគ្រវែងច្រវាក់របស់ព្រះ‌អង្គចេញទៅ!»។

4 ប៉ុន្តែព្រះ‌អម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរម‌សុខ

ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។

5 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់ពួកគេ

ដោយព្រះ‌ពិរោធ

ហើយធ្វើឲ្យពួកគេភ័យតក់‌ស្លុត

ដោយ‌សារព្រះ‌ពិរោធដ៏ខ្លាំងរបស់ព្រះ‌អង្គ

ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖

6 «គឺយើងនេះហើយ

ដែលបានអភិសេកស្ដេចរបស់យើង

ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន

ជាភ្នំដ៏‌វិសុទ្ធរបស់យើង!»។

7 ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះ‌អម្ចាស់

ព្រះ‌អង្គមានព្រះ‌បន្ទូលមកកាន់ខ្ញុំថា៖

«ព្រះ‌អង្គជាបុត្ររបស់យើង!

គឺយើងដែលបានបង្កើតព្រះ‌អង្គនៅថ្ងៃនេះ ។

8 បើព្រះ‌អង្គសុំ យើងនឹងប្រគល់ប្រជា‌ជាតិនានា

ឲ្យព្រះ‌អង្គទុកជាមត៌ក

យើងក៏នឹងប្រគល់ផែនដីទាំងមូល

ឲ្យព្រះ‌អង្គទុកជាកម្មសិទ្ធិដែរ។

9 ព្រះ‌អង្គនឹងបង្ក្រាបពួកគេដោយដំបងដែក

ហើយព្រះ‌អង្គកម្ទេចគេ

ដូចជាងស្មូនកម្ទេចភាជន៍»

10 ឥឡូវនេះ ស្ដេចទាំង‌ឡាយអើយ

ចូររិះគិតពិចារណាឡើង!

អ្នកគ្រប់‌គ្រងទាំង‌ឡាយនៅលើផែនដីអើយ

ចូរទទួលយកសេចក្ដីអប់រំទៅ!

11 ចូរបម្រើព្រះ‌អម្ចាស់ដោយគោរពកោតខ្លាច

ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ

12 ចូរក្រាបថ្វាយ‌បង្គំព្រះ‌រាជបុត្រ

ក្រែងព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធ

ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ

ក្នុងមាគ៌ារបស់អ្នករាល់គ្នា

ដ្បិតព្រះ‌ពិរោធរបស់ព្រះ‌អង្គ

នឹងឆេះ‌ឆួលឡើងយ៉ាងឆាប់ៗ។

អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះ‌អង្គ

អ្នកនោះមានសុភមង្គលហើយ!