ទំនុក‌តម្កើង 16

ពាក្យអធិស្ឋានដោយទុកចិត្ត

កំណាព្យរបស់ស្ដេចដាវីឌ។

1 ឱព្រះ‌ជាម្ចាស់អើយ

សូមការពារទូលបង្គំផង

ដ្បិតទូលបង្គំមកជ្រកកោនជាមួយព្រះ‌អង្គហើយ!

2 ខ្ញុំទូលព្រះ‌អម្ចាស់ថា ព្រះ‌អង្គជាព្រះ‌អម្ចាស់

នៃទូលបង្គំ ក្រៅពីព្រះ‌អង្គ

គ្មានអ្វីប្រសើរសម្រាប់ទូលបង្គំឡើយ!។

3 ប្រជា‌ជនដ៏‌វិសុទ្ធ*នៅលើទឹកដីនេះ

សុទ្ធតែជាមនុស្សល្អ

ទូលបង្គំពេញចិត្តនឹងនៅជាមួយពួកគេណាស់។

4 រីឯអស់អ្នកដែលងាកទៅថ្វាយ‌បង្គំព្រះដទៃ

កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត

ទូលបង្គំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ

ជាមួយពួកគេឡើយ

ហើយទូលបង្គំក៏នឹងមិនថ្វាយ‌បង្គំព្រះទាំងនោះ

រួមជាមួយពួកគេដែរ។

5 ក្រៅពីព្រះ‌អម្ចាស់ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ

ព្រះ‌អង្គប្រទានអ្វីៗទាំងអស់

ដែលទូលបង្គំត្រូវការ

អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះ‌អង្គ។

6 ព្រះ‌អង្គប្រទានចំណែកដ៏ល្អវិសេសក្រៃ‌លែង

មកទូលបង្គំ

គឺជាកេរ‌មត៌កល្អប្រសើរបំផុតសម្រាប់ទូលបង្គំ។

7 ទូលបង្គំសរសើរតម្កើងព្រះ‌អម្ចាស់

ព្រោះព្រះ‌អង្គផ្ដល់យោបល់ដល់ទូលបង្គំ

សូម្បីតែនៅពេលយប់

ក៏មន‌សិការរបស់ទូលបង្គំដាស់‌តឿនទូលបង្គំដែរ។

8 ទូលបង្គំនឹកដល់ព្រះ‌អម្ចាស់

ដែលស្ថិតនៅខាងមុខទូលបង្គំជា‌និច្ច

ដោយព្រះ‌អង្គគង់នៅខាងស្ដាំទូលបង្គំ

ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។

9 ហេតុនេះហើយបានចិត្តទូលបង្គំរីក‌រាយ

វិញ្ញាណទូលបង្គំត្រេកអរដ៏លើស‌លប់

ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ

ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។

10 ដ្បិតព្រះ‌អង្គនឹងមិនបោះបង់ព្រលឹង

ទូលបង្គំចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ

ហើយព្រះ‌អង្គក៏មិនបណ្តោយឲ្យសព

អ្នកបម្រើរបស់ព្រះ‌អង្គត្រូវរលួយដែរ ។

11 ព្រះ‌អង្គបង្ហាញទូលបង្គំឲ្យស្គាល់ផ្លូវ

ឆ្ពោះទៅកាន់ជីវិត។

ដោយព្រះ‌អង្គនៅជាមួយ

ទូលបង្គំមានអំណរដ៏បរិបូណ៌

ហើយនៅខាងស្ដាំព្រះ‌អង្គ

ទូលបង្គំក៏រីក‌រាយអស់‌កល្បជា‌និច្ចដែរ។