ទំនុក‌តម្កើង 150

ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះ‌អម្ចាស់!

1 ហាលេ‌លូយ៉ា!

ចូរសរសើរតម្កើង

ព្រះ‌ជាម្ចាស់នៅក្នុងកន្លែងដ៏‌វិសុទ្ធ!

ចូរសរសើរតម្កើងព្រះ‌អង្គនៅក្នុងលំហអាកាស

ដែលជាព្រះ‌ដំណាក់ដ៏រឹង‌មាំរបស់ព្រះ‌អង្គ!

2 ចូរសរសើរតម្កើងព្រះ‌អង្គ

ចំពោះស្នាព្រះ‌ហស្ដដ៏អស្ចារ្យ!

ចូរសរសើរតម្កើងព្រះ‌អង្គ

ដ្បិតព្រះ‌អង្គប្រសើរឧត្ដុង្គ‌ឧត្ដមបំផុត!

3 ចូរសរសើរតម្កើងព្រះ‌អង្គដោយសំឡេងត្រែ

ចូរសរសើរតម្កើងព្រះ‌អង្គ

ដោយដេញចាប៉ី និងដេញពិណ!

4 ចូរសរសើរតម្កើងព្រះ‌អង្គ

ដោយវាយក្រាប់ និងរាំរបាំ!

ចូរសរសើរតម្កើងព្រះ‌អង្គ

ដោយវាយឃឹម និងផ្លុំខ្លុយ!

5 ចូរសរសើរតម្កើងព្រះ‌អង្គ

ដោយវាយស្គរយ៉ាងពីរោះ!

ចូរសរសើរតម្កើងព្រះ‌អង្គ

ដោយវាយស្គរឲ្យលាន់ឮរំពង!

6 ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល

សរសើរតម្កើងព្រះ‌អម្ចាស់!

ហាលេ‌លូយ៉ា!