ទំនុក‌តម្កើង 15

មនុស្សដែលព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យ

ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

តើនរណាអាចស្នាក់នៅក្នុងព្រះ‌ពន្លា

របស់ព្រះ‌អង្គបាន?

តើនរណាអាចស្ថិតនៅលើភ្នំដ៏‌វិសុទ្ធ*

របស់ព្រះ‌អង្គបាន?

2 គឺមានតែមនុស្សឥតសៅ‌ហ្មង

ដែលប្រព្រឹត្តអំពើសុចរិត

ហើយនិយាយតែសេចក្ដីពិតដែលមាននៅ

ក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។

3 គេមិននិយាយមួលបង្កាច់

មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្ត‌ភក្ដិរបស់ខ្លួន

ហើយក៏មិនបង្អាប់‌បង្អោនកិត្តិយស

បង‌ប្អូនរួមជាតិរបស់ខ្លួនដែរ។

4 គេមិនរាប់រកអស់អ្នកដែលព្រះ‌ជាម្ចាស់

មិនគាប់ព្រះ‌ហឫទ័យនោះឡើយ

តែគេលើកកិត្តិយសអស់អ្នកដែលគោរព

កោតខ្លាចព្រះ‌អម្ចាស់។

បើគេសន្យាអ្វីមួយ

ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ

ក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជា‌និច្ច។

5 គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ

ហើយគេក៏មិនព្រមទទួលសំណូក

ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។

អ្នកណាប្រព្រឹត្តដូច្នេះ

អ្នកនោះនឹងបានសុខជា‌និច្ច។