ទំនុក‌តម្កើង 147

ព្រះ‌អម្ចាស់សម្តែងឫទ្ធា‌នុភាពតាមរយៈធម្ម‌ជាតិ

1 ហាលេ‌លូយ៉ា!

ស្មូត្រទំនុក‌តម្កើង

ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់

សរសើរតម្កើងព្រះ‌អង្គ

ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។

2 ព្រះ‌អម្ចាស់សង់ក្រុងយេរូ‌សាឡឹមឡើងវិញ

ព្រះ‌អង្គនាំជន‌ជាតិអ៊ីស្រា‌អែល

ដែលខ្ចាត់‌ខ្ចាយឲ្យត្រឡប់មកវិញ។

3 ព្រះ‌អង្គប្រោសអ្នកដែលមានចិត្តគ្រាំ‌គ្រា

ឲ្យបានធូរស្បើយ ព្រះ‌អង្គរុំរបួសឲ្យគេ។

4 ព្រះ‌អង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន

ហើយព្រះ‌អង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។

5 ព្រះរបស់យើងធំឧត្ដុង្គ‌ឧត្ដម

ព្រះ‌អង្គមានព្រះ‌ចេស្ដាដ៏ខ្លាំងបំផុត

ព្រះ‌តម្រិះរបស់ព្រះ‌អង្គឥតមានព្រំ‌ដែនឡើយ។

6 ព្រះ‌អម្ចាស់ជួយគាំទ្រជនក្រីក្រ

តែព្រះ‌អង្គបន្ទាបមនុស្សអាក្រក់ដល់ដី។

7 ចូរនាំគ្នាច្រៀងអរព្រះ‌គុណព្រះ‌អម្ចាស់

ចូរស្មូត្រទំនុក‌តម្កើងថ្វាយព្រះនៃយើង

ទាំងដេញពិណកំដរផង!

8 ព្រះ‌អង្គធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ

ព្រះ‌អង្គរៀបចំឲ្យមាន

ភ្លៀងធ្លាក់មកលើផែនដី

ព្រះ‌អង្គធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ

9 ព្រះ‌អង្គប្រទានចំណីដល់សត្វពាហនៈ

ហើយពេលកូនក្អែកយំ

ព្រះ‌អង្គក៏ប្រទានចំណីដល់វាដែរ។

10 ព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យនឹងកម្លាំងរបស់សេះទេ

ហើយព្រះ‌អង្គក៏មិនរវី‌រវល់នឹងកម្លាំងកាយ

របស់មនុស្សដែរ

11 តែព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងអស់អ្នក

ដែលគោរពកោតខ្លាចព្រះ‌អង្គ

គឺអស់អ្នកដែលផ្ញើជីវិតលើព្រះ‌ហឫទ័យ

មេត្តា‌ករុណារបស់ព្រះ‌អង្គ។

12 ក្រុងយេរូ‌សាឡឹមអើយ

ចូរលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់!

ក្រុងស៊ីយ៉ូនអើយ

ចូរសរសើរតម្កើងព្រះរបស់អ្នក!

13 ដ្បិតព្រះ‌អង្គការពារ

និងពង្រឹងអ្នកឲ្យមានសន្តិ‌សុខ

ព្រះ‌អង្គនឹងប្រទានពរដល់ប្រជា‌ជន

ដែលរស់នៅក្នុងទីក្រុង។

14 ព្រះ‌អង្គប្រទានឲ្យទឹកដីអ្នកមានសន្តិ‌ភាព

ព្រះ‌អង្គប្រទានឲ្យអ្នកមានស្រូវដ៏ល្អៗ

យ៉ាងបរិបូណ៌

15 ព្រះ‌អង្គមានព្រះ‌បន្ទូលបញ្ជាទៅផែនដី

ហើយព្រះ‌បន្ទូលរបស់ព្រះ‌អង្គផ្សព្វ‌ផ្សាយ

ទៅយ៉ាងរហ័ស

16 ព្រះ‌អង្គធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី

ព្រះ‌អង្គធ្វើឲ្យមានសន្សើម

ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស

17 ព្រះ‌អង្គធ្វើឲ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ

តើនរណាអាចទ្រាំនឹងធាតុអាកាសត្រជាក់

ដែលព្រះ‌អង្គបានបង្កើតមកនេះ?

18 ពេលព្រះ‌អង្គមានព្រះ‌បន្ទូល

នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក

ព្រះ‌អង្គធ្វើឲ្យមានខ្យល់បក់មក

ហើយទឹកនោះក៏ហូរទៅ។

19 ព្រះ‌អង្គសម្តែងឲ្យពូជ‌ពង្ស

របស់លោកយ៉ាកុបស្គាល់ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ

ព្រះ‌អង្គប្រទានច្បាប់

និងវិន័យរបស់ព្រះ‌អង្គ

ឲ្យជន‌ជាតិអ៊ីស្រា‌អែល។

20 ព្រះ‌អង្គពុំបានប្រោសប្រទានដូច្នេះ

ចំពោះប្រជា‌ជាតិទាំង‌ឡាយទេ

ពួកគេពុំស្គាល់វិន័យរបស់ព្រះ‌អង្គឡើយ។

ហាលេ‌លូយ៉ា!។