ទំនុក‌តម្កើង 146

ព្រះ‌អម្ចាស់ការពារអ្នកទន់ខ្សោយ

1 ហាលេ‌លូយ៉ា! ខ្ញុំសូមសរសើរ

តម្កើងព្រះ‌អម្ចាស់!

2 ខ្ញុំនឹងសរសើរតម្កើងព្រះ‌អម្ចាស់អស់មួយជីវិត

ខ្ញុំនឹងស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌កិត្តិនាម

ព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។

3 កុំទុកចិត្តអ្នកធំ

កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ

នរណាបានឡើយ

4 ដ្បិតពេលគេត្រូវផុតដង្ហើម

គេវិលត្រឡប់ទៅជាធូលីដីវិញ

ហើយគម្រោង‌ការរបស់គេ

ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។

5 អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ

ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះ‌អម្ចាស់

ជាព្រះរបស់ខ្លួន

អ្នកនោះមានសុភមង្គលហើយ!។

6 ព្រះ‌អង្គបានបង្កើតផ្ទៃមេឃ និងផែនដី

ព្រះ‌អង្គបានបង្កើតសមុទ្រ

និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ

ព្រះ‌អង្គតែងតែគោរពតាមព្រះ‌បន្ទូលសន្យា

របស់ព្រះ‌អង្គជា‌និច្ច។

7 ព្រះ‌អង្គរកយុត្តិធម៌ឲ្យអស់អ្នក

ដែលត្រូវគេសង្កត់‌សង្កិន

ព្រះ‌អង្គប្រទានអាហារដល់អស់អ្នក

ដែលស្រេកឃ្លាន

ព្រះ‌អម្ចាស់ដោះលែងអ្នកជាប់ឃុំ‌ឃាំង

8 ព្រះ‌អម្ចាស់ប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ

ព្រះ‌អម្ចាស់លើកអ្នកដែលអស់សង្ឃឹម

ឲ្យងើបឡើងវិញ

ព្រះ‌អម្ចាស់ស្រឡាញ់មនុស្សសុចរិត

9 ព្រះ‌អម្ចាស់ការពារជនបរទេស

ព្រះ‌អង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ

តែព្រះ‌អង្គធ្វើឲ្យគម្រោង‌ការរបស់មនុស្ស

អាក្រក់ត្រូវរលាយសូន្យ។

10 ព្រះ‌អម្ចាស់នឹងគ្រងរាជ្យអស់‌កល្បជា‌និច្ច!

ក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក

នឹងគ្រងរាជ្យអស់‌កល្បជាអង្វែងតរៀងទៅ!

ហាលេ‌លូយ៉ា!។