ទំនុក‌តម្កើង 142

មានតែព្រះ‌អង្គទេដែលជាទីជម្រករបស់សទូលបង្គំ

កំណាព្យរបស់ស្ដេចដាវីឌ។ រំឭកពីគ្រាដែលស្ដេចគង់នៅតាមរូងភ្នំ។ ពាក្យអធិស្ឋាន។

1 ខ្ញុំបន្លឺសំឡេង

ស្រែកអង្វរព្រះ‌អម្ចាស់

ខ្ញុំបន្លឺសំឡេងទទូចអង្វរព្រះ‌អម្ចាស់។

2 ខ្ញុំទូលព្រះ‌អង្គឲ្យជ្រាប

អំពីពាក្យត្អូញ‌ត្អែររបស់ខ្ញុំ

ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះ‌អង្គ។

3 ពេលទូលបង្គំបាក់ទឹកចិត្ត

ព្រះ‌អង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។

ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ

ដែលទូលបង្គំដើរ។

4 សូមទតមើលជុំ‌វិញទូលបង្គំមើល៍

គ្មាននរណាម្នាក់អើ‌ពើនឹងទូលបង្គំទេ

ទូលបង្គំគ្មានកន្លែងជ្រកកោន

ហើយក៏គ្មាននរណាម្នាក់រវី‌រវល់នឹងទូលបង្គំដែរ។

5 ឱព្រះ‌អម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះ‌អង្គ:

ព្រះ‌អង្គជាជម្រករបស់ទូលបង្គំ

នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មាន

អ្វីផ្សេងទៀតក្រៅពីព្រះ‌អង្គឡើយ។

6 សូមយកព្រះ‌ហឫទ័យទុកដាក់

នឹងសម្រែករបស់ទូលបង្គំផង

ដ្បិតទូលបង្គំទាល់ច្រកហើយ

សូមរំដោះទូលបង្គំឲ្យរួចផុត

ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ

ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។

7 សូមដោះលែងទូលបង្គំឲ្យមានសេរី‌ភាព

ដើម្បីឲ្យទូលបង្គំលើកតម្កើង ព្រះ‌នាមព្រះ‌អង្គ

ក្នុងអង្គប្រជុំនៃប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ

ព្រោះព្រះ‌អង្គប្រណី‌សន្ដោសដល់ទូលបង្គំ។