ទំនុក‌តម្កើង 141

សូមរក្សាមាត់ទូលបង្គំ

ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

ទូលបង្គំសូមអង្វរព្រះ‌អង្គ

មេត្តាយាងមកជួយទូលបង្គំជាប្រញាប់

ពេលទូលបង្គំអង្វរព្រះ‌អង្គ

សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យទូលបង្គំផង!

2 សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ

ឡើងទៅដល់ព្រះ‌អង្គ ដូចផ្សែងគ្រឿងក្រអូប

សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ

ដូចតង្វាយនៅពេលល្ងាច!

3 ឱព្រះ‌អម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ

កុំឲ្យទូលបង្គំពោលពាក្យអាក្រក់សោះឡើយ។

4 សូមកុំបណ្តោយឲ្យចិត្តទូលបង្គំ

មានលំអៀងទៅរកអំពើអាក្រក់

ហើយប្រព្រឹត្តអំពើអាក្រក់

រួមជាមួយមនុស្សទុច្ចរិត

សូមកុំឲ្យទូលបង្គំចូលរួមជប់‌លៀង

ជាមួយពួកគេឡើយ។

5 បើមនុស្សសុចរិតវាយប្រដៅ

និងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់

ទូលបង្គំមិនប្រកែកទេ

ព្រោះជាការល្អចំពោះទូលបង្គំ

ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។

ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន

តបនឹងអំពើឃោរ‌ឃៅរបស់មនុស្សទុច្ចរិត។

6 សូមឲ្យចៅ‌ក្រមរបស់ពួកនោះ

ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម

ហើយសូមឲ្យបច្ចា‌មិត្តស្ដាប់សេចក្ដី

ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។

7 ដីប្រេះចេញពីគ្នាយ៉ាងណា

សូមឲ្យស្ថានមនុស្សស្លាប់បើកចំហ

លេបឆ្អឹងរបស់គេដែលនៅរាយ‌ប៉ាយ

គ្រប់ទីកន្លែងយ៉ាងនោះដែរ។

8 ឱព្រះ‌ជា‌អម្ចាស់អើយ

ទូលបង្គំសម្លឹងទៅរកព្រះ‌អង្គជា‌និច្ច

ទូលបង្គំផ្ញើជីវិតលើព្រះ‌អង្គហើយ

សូមកុំបណ្តោយឲ្យទូលបង្គំបាត់បង់ជីវិត។

9 សូមការពារទូលបង្គំឲ្យរួចផុតពីអន្ទាក់

ដែលគេដាក់ចាំចាប់ទូលបង្គំ

សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅ

របស់មនុស្សទុច្ចរិតឡើយ

10 តែសូមឲ្យពួកគេជាប់អន្ទាក់

ដែលខ្លួនបានដាក់នោះវិញ!

រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។