ទំនុក‌តម្កើង 14

អ្នកជឿនៅក្នុងចំណោមមនុស្សពាល

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។

1 មនុស្សល្ងី‌ល្ងើគិតក្នុងចិត្តថា

«គ្មានព្រះ‌ជាម្ចាស់ទាល់តែសោះ!»

គេនាំគ្នាប្រព្រឹត្តអំពើថោកទាប

និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម

គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។

2 ព្រះ‌អម្ចាស់ទតពីស្ថានបរមសុខមក

ពិនិត្យមើលមនុស្សលោក

ព្រះ‌អង្គរកមើល ក្រែងលោមាននរណាម្នាក់

ដឹងខុសត្រូវ ហើយស្វែងរកព្រះ‌ជាម្ចាស់។

3 ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយ

ពីព្រះ‌ជាម្ចាស់

ហើយនាំគ្នាប្រព្រឹត្តអំពើខិល‌ខូច

គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ

សូម្បីតែម្នាក់ក៏គ្មានផង។

4 តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត

សុទ្ធតែជាមនុស្សល្ងង់ឬ?

អ្នកទាំងនោះចិញ្ចឹមជីវិត

ដោយជិះ‌ជាន់ប្រជា‌រាស្ត្ររបស់យើង

គេមិនអង្វររកព្រះ‌អម្ចាស់ទាល់តែសោះ។

5 អ្នកទាំងនោះភ័យញ័រជាខ្លាំង

ដោយព្រះ‌ជាម្ចាស់ជួយគាំទ្រក្រុមមនុស្សសុចរិត។

6 «អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុគ៌ត

បាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួន

ប៉ុន្តែព្រះ‌អម្ចាស់ធ្វើជាជម្រករបស់គេ។

7 សូមឲ្យអ៊ីស្រា‌អែលបានទទួល

ការសង្គ្រោះពីក្រុងស៊ីយ៉ូន។

នៅពេលដែលព្រះ‌អម្ចាស់នាំប្រជា‌ជនរបស់ព្រះ‌អង្គ

ឲ្យងើបមុខឡើងវិញ

ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ

ពូជរបស់លោកអ៊ីស្រា‌អែលនឹងមានអំណរ

លើស‌លប់»។