ទំនុក‌តម្កើង 138

ទូលបង្គំសូមលើកតម្កើងព្រះ‌អង្គយ៉ាងអស់ពីចិត្ត

ទំនុករបស់ស្ដេចដាវីឌ។

1 ទូលបង្គំសូមលើកតម្កើង

ព្រះ‌អង្គយ៉ាងអស់ពីចិត្ត

ទូលបង្គំស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អង្គ

នៅចំពោះមុខពពួកទេវតា។

2 ទូលបង្គំក្រាបនៅក្នុងព្រះ‌វិហារដ៏‌វិសុទ្ធ

របស់ព្រះ‌អង្គ

ហើយទូលបង្គំលើកតម្កើងព្រះ‌នាមព្រះ‌អង្គ

ព្រោះព្រះ‌អង្គប្រកបដោយព្រះ‌ហឫទ័យ

មេត្តា‌ករុណាយ៉ាងស្មោះ‌ស្ម័គ្រ

ហើយព្រះ‌អង្គសម្រេចតាមព្រះ‌បន្ទូលសន្យា

លើសពីការទន្ទឹងរង់‌ចាំរបស់យើងខ្ញុំទៅទៀត។

3 នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះ‌អង្គ

ព្រះ‌អង្គបានឆ្លើយតបមកទូលបង្គំវិញ

ព្រះ‌អង្គប្រទានឲ្យទូលបង្គំ

មានកម្លាំងចិត្តក្លៀវ‌ក្លា។

4 ឱព្រះ‌អម្ចាស់អើយ សូមឲ្យស្ដេចទាំងប៉ុន្មាន

នៅលើផែនដីនាំគ្នាលើកតម្កើងព្រះ‌អង្គ

នៅពេលគេឮព្រះ‌បន្ទូលសន្យារបស់ព្រះ‌អង្គ។

5 សូមឲ្យគេនាំគ្នាច្រៀងអំពីកិច្ចការ

ដែលព្រះ‌អង្គបានធ្វើ:

ព្រះ‌អម្ចាស់ប្រកបទៅដោយសិរី‌រុងរឿង

ឧត្ដុង្គ‌ឧត្ដមបំផុត!

6 ទោះបីព្រះ‌អម្ចាស់ខ្ពង់‌ខ្ពស់បំផុតក្ដី

ក៏ព្រះ‌អង្គនៅតែគិតដល់មនុស្សទន់‌ទាបជា‌និច្ច

រីឯមនុស្សព្រហើនវិញ ព្រះ‌អង្គស្គាល់គេពីចម្ងាយ។

7 នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្ន

ព្រះ‌អង្គរក្សាការពារជីវិតទូលបង្គំ

ព្រះ‌អង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរ‌ឃៅ

ហើយសង្គ្រោះទូលបង្គំ

ដោយឫទ្ធិ‌បារមីរបស់ព្រះ‌អង្គ។

8 ព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គធ្វើកិច្ចការគ្រប់យ៉ាងចំពោះទូលបង្គំ

តាមព្រះ‌បន្ទូលសន្យា

ព្រះ‌អង្គប្រកបដោយព្រះ‌ហឫទ័យ

មេត្តាករុណាជា‌និច្ច។

សូមកុំបោះបង់ចោលអស់អ្នកដែលព្រះ‌អង្គ

បានបង្កើតមកនោះឡើយ!