ទំនុក‌តម្កើង 137

យើងស្រណោះក្រុងស៊ីយ៉ូន

1 យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ី‌ឡូន

ហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។

2 យើងព្យួរពិណរបស់យើងនឹងដើមឈើ

នៅជិតមាត់ទន្លេ។

3 ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ

សឹកបានសុំឲ្យយើងច្រៀង

ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើង

ច្រៀងបទសប្បាយ គេពោលថា:

«ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន

ឲ្យយើងស្ដាប់ផង!»។

4 តើឲ្យយើងយកបទតម្កើងព្រះ‌អម្ចាស់

មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត?

5 ឱក្រុងយេរូ‌សាឡឹមអើយ

បើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ!

6 ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ

ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ

ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ

សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ!

7 ឱព្រះ‌អម្ចាស់អើយ សូមកុំភ្លេចនូវអំពើ

ដែលជន‌ជាតិអេដុម

បានប្រព្រឹត្តចំពោះយើងខ្ញុំ

នៅថ្ងៃដែលក្រុងយេរូ‌សាឡឹមរលំនោះឡើយ

គឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ!

ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។

8 រីឯក្រុងបាប៊ី‌ឡូនវិញ

បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេច‌ខ្ទីដែរ!

អ្នកណាធ្វើបាបឯង

តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង

អ្នកនោះមានសុភមង្គលហើយ!

9 អ្នកណាចាប់កូនតូចៗរបស់ឯងបោកនឹងថ្ម

អ្នកនោះមានសុភមង្គលហើយ!