ទំនុក‌តម្កើង 133

ពេលបង‌ប្អូននៅរស់ជុំគ្នា

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។

1 ការដែលបង‌ប្អូននៅ

រួមរស់ជាមួយគ្នា

គឺជាការល្អប្រពៃ និងសប្បាយក្រៃ‌លែង។

2 គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ

ហូរនៅលើក្បាល

ចុះមកលើពុកចង្ការបស់លោកអើរ៉ុន

រួចស្រក់ទៅលើជាយអាវរបស់លោក

3 ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់

ពីភ្នំហ៊ើរ‌ម៉ូន មកលើភ្នំស៊ីយ៉ូន

ជាកន្លែងដែលព្រះ‌អម្ចាស់ប្រទានព្រះ‌ពរ

និងប្រទានជីវិតអស់‌កល្បជា‌និច្ច។