ទំនុក‌តម្កើង 129

ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 គេតែងតែនាំគ្នាធ្វើបាបខ្ញុំ

តាំងពីខ្ញុំនៅក្មេង

សូមឲ្យជន‌ជាតិអ៊ីស្រា‌អែលពោលតាមថា

2 គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង

ប៉ុន្តែ គេពុំអាចយកជ័យ‌ជំនះលើខ្ញុំបានឡើយ។

3 គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ

គេបានធ្វើគន្លងយ៉ាងវែង។

4 ក៏ប៉ុន្តែព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសុចរិត

ព្រះ‌អង្គបានស្រាយចំណងរបស់មនុស្សអាក្រក់

ចេញពីខ្ញុំ។

5 សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន

ត្រូវអាម៉ាស់ និងដកខ្លួនថយ!

6 សូមឲ្យពួកគេបានដូចស្មៅដែលដុះ

ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង!

7 សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ

ហើយក៏ពុំមានល្មមសម្រាប់ឲ្យ

ចងជាកណ្ដាប់បានដែរ។

8 សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ

ពោលទៅពួកគេថា: «សូមព្រះ‌អម្ចាស់ប្រទានពរ

អ្នករាល់គ្នា» សោះឡើយ។

យើងសូមជូនពរអ្នករាល់គ្នា

ក្នុងព្រះ‌នាមព្រះ‌អម្ចាស់!