ទំនុក‌តម្កើង 128

សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះ‌អម្ចាស់

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 អ្នកណាគោរព

កោតខ្លាចព្រះ‌អម្ចាស់

ហើយដើរតាមមាគ៌ារបស់ព្រះ‌អង្គ

អ្នកនោះមានសុភមង្គលហើយ!

2 អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ

អ្នកនឹងមានសុភមង្គល ហើយចម្រុង‌ចម្រើន

3 នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម

ទំពាំង‌បាយជូរដែលមានផ្លែជាច្រើន

ហើយនៅជុំ‌វិញតុ កូនប្រុសៗរបស់អ្នក

ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។

4 អ្នកដែលគោរពកោតខ្លាចព្រះ‌អម្ចាស់

នឹងទទួលព្រះ‌ពរបែបនេះ។

5 សូមព្រះ‌អម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ី‌យ៉ូន

ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក

អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូ‌សាឡឹម

6 អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។

សូមឲ្យអ៊ីស្រា‌អែល

បានប្រកបដោយសេចក្ដីសុខ‌សាន្ត!