ទំនុក‌តម្កើង 125

សូមសម្តែងព្រះ‌ហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 អ្នកណាផ្ញើជីវិតលើព្រះ‌អម្ចាស់

អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន

ដែលនៅស្ថិត‌ស្ថេររហូត ឥតរង្គើសោះឡើយ។

2 ភ្នំនានានៅព័ទ្ធជុំ‌វិញក្រុងយេរូ‌សាឡឹមយ៉ាងណា

ព្រះ‌អម្ចាស់ក៏គង់នៅជុំ‌វិញប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

តាំងពីពេលនេះ រហូតដល់អស់‌កល្បជា‌និច្ច

យ៉ាងនោះដែរ

3 ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់‌គ្រង

លើទឹកដីរបស់មនុស្សសុចរិតបានទេ

ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ

ប្រព្រឹត្តអំពើទុច្ចរិតឡើយ។

4 ព្រះ‌អម្ចាស់អើយ សូមសម្តែងព្រះ‌ហឫទ័យសប្បុរស

ចំពោះអស់អ្នកដែលមានចិត្តសប្បុរស

និងទៀងត្រង់។

5 រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀច‌វេរវិញ

សូមព្រះ‌អម្ចាស់នាំគេយកទៅធ្វើទោសជាមួយ

អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។

សូមឲ្យអ៊ីស្រា‌អែលបានប្រកប

ដោយសេចក្ដីសុខ‌សាន្ត!។