ទំនុក‌តម្កើង 124

ប្រសិនបើគ្មានព្រះ‌អម្ចាស់នៅខាងយើង

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។

1 ប្រសិនបើគ្មានព្រះ‌អម្ចាស់

នៅខាងយើងទេនោះ

– សូមឲ្យជន‌ជាតិអ៊ីស្រា‌អែលពោលតាមថា: –

2 ប្រសិនបើគ្មានព្រះ‌អម្ចាស់នៅខាងយើងទេនោះ

ពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង

3 ហើយពេលណាពួកគេមានកំហឹង

ជាខ្លាំងមកលើយើង

ពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន

4 យើងនឹងលិចលង់ក្នុងទឹកសមុទ្រ

ទឹកនឹងហូរនាំយើងទៅបាត់

5 ហើយក៏នឹងមានទឹកកួចយ៉ាងខ្លាំងពន្លិចយើងដែរ។

6 ក៏ប៉ុន្តែ សូមអរព្រះ‌គុណព្រះ‌អម្ចាស់

ដ្បិតព្រះ‌អង្គពុំបានប្រគល់យើង

ទៅក្នុងកណ្ដាប់ដៃគេ

ដូចជារំពាដែលស្ថិតនៅក្នុងចង្កូម

របស់ពួកគេនោះឡើយ។

7 យើងបានរួចជីវិត ដូចបក្សា‌បក្សី

គេចផុតពីលប់របស់ព្រាន

គឺលប់បានធ្លុះ‌ធ្លាយ ហើយយើងក៏រត់រួច។

8 ព្រះ‌អម្ចាស់ផ្ទាល់បានជួយយើង

ដោយព្រះ‌នាមព្រះ‌អង្គ

គឺព្រះ‌អង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។