ទំនុក‌តម្កើង 120

ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិ‌ភាព

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 នៅពេលមានអាសន្ន

ខ្ញុំស្រែកអង្វរព្រះ‌អម្ចាស់

ហើយព្រះ‌អង្គក៏ឆ្លើយតបមកខ្ញុំវិញ។

2 ឱព្រះ‌អម្ចាស់អើយ

សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្ស

ដែលពោលពាក្យកុហក និងបោកបញ្ឆោត!

3 អ្នកនិយាយបោកបញ្ឆោតដូច្នេះ

តើបានទទួលអ្វីខ្លះ?

4 គឺមានតែទទួលព្រួញរបស់អ្នកចំបាំង

និងភ្លើងឆេះសន្ធោ‌សន្ធៅតែប៉ុណ្ណោះ!

5 ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ

ហើយរស់នៅក្នុងចំណោមមនុស្សព្រៃ‌ផ្សៃដូច្នេះ

វេទនាណាស់!

6 ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្ត

សន្តិ‌ភាព ជាយូរឆ្នាំកន្លងមកហើយ។

7 ពេលខ្ញុំនិយាយពីសន្តិ‌ភាព

ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។