ទំនុក‌តម្កើង 115

ព្រះ‌អម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា

1 ព្រះ‌អម្ចាស់អើយ

យើងខ្ញុំមិនសមនឹងទទួល

ការលើកតម្កើងទេ

គឺមានតែព្រះ‌អង្គប៉ុណ្ណោះដែលត្រូវ

ទទួលការលើកតម្កើងប្រកបដោយសិរី‌រុងរឿង

ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យមេត្តាករុណា

ដ៏ស្មោះ‌ស្ម័គ្រ!។

2 ហេតុអ្វីបានជាប្រជា‌ជាតិនានានាំគ្នាពោលថា:

«ព្រះរបស់ពួកគេនៅឯណា?»។

3 ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរម‌សុខ

ព្រះ‌អង្គធ្វើអ្វីៗក៏បាន

តាមតែព្រះ‌ហឫទ័យរបស់ព្រះ‌អង្គ។

4 រីឯព្រះរបស់អ្នកទាំងនោះវិញ

សុទ្ធតែជាព្រះក្លែង‌ក្លាយធ្វើពីមាសពីប្រាក់

ដែលជាស្នា‌ដៃរបស់មនុស្ស។

5 ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយ

មានភ្នែក តែមើលមិនឃើញ

6 មានត្រចៀក តែស្ដាប់មិនឮ

មានច្រមុះ តែមិនចេះដឹងក្លិន

7 មានដៃ តែមិនចេះប៉ះ‌ពាល់

មានជើង តែមិនចេះដើរ

ហើយមានបំពង់ក

តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។

8 សូមឲ្យអស់អ្នកដែលបានសូន

ធ្វើរូបព្រះក្លែង‌ក្លាយ

ហើយផ្ញើជីវិតលើព្រះទាំងនោះ

បានដូចរូបព្រះទាំងនោះដែរ។

9 ជន‌ជាតិអ៊ីស្រា‌អែលអើយ

ចូរផ្ញើជីវិតលើព្រះ‌អម្ចាស់

ព្រះ‌អង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!

10 ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយ

ចូរផ្ញើជីវិតលើព្រះ‌អម្ចាស់

ព្រះ‌អង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!

11 អ្នករាល់គ្នាដែលគោរពកោតខ្លាច

ព្រះ‌អម្ចាស់អើយ

ចូរផ្ញើជីវិតលើព្រះ‌អម្ចាស់

ព្រះ‌អង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!

12 ព្រះ‌អម្ចាស់មិនភ្លេចយើងទេ

ព្រះ‌អង្គនឹងប្រទានពរឲ្យយើង

ព្រះ‌អង្គនឹងប្រទានពរឲ្យកូនចៅ

លោកអ៊ីស្រា‌អែល

ព្រះ‌អង្គនឹងប្រទានពរឲ្យកូនចៅលោកអើរ៉ុន

13 ព្រះ‌អង្គនឹងប្រទានពរឲ្យអស់អ្នកទាំងតូច

ទាំងធំ ដែលគោរពកោតខ្លាចព្រះ‌អង្គ។

14 ព្រះ‌អម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា

បានចម្រើនឡើង គឺទាំងអ្នករាល់គ្នា

ទាំងកូនចៅរបស់អ្នករាល់គ្នា។

15 សូមទទួលព្រះ‌ពរពីព្រះ‌អម្ចាស់

ដែលបានបង្កើតផ្ទៃមេឃ និងផែនដី!

16 ផ្ទៃមេឃជាកម្មសិទ្ធិរបស់ព្រះ‌អម្ចាស់

តែព្រះ‌អង្គប្រទានផែនដីមក

ឲ្យមនុស្សលោក។

17 មនុស្សស្លាប់ទៅហើយ

ពុំអាចសរសើរតម្កើងព្រះ‌អម្ចាស់បានឡើយ

ហើយអស់អ្នកដែលចុះទៅស្ថានមនុស្សស្លាប់

ក៏ពុំអាចសរសើរព្រះ‌អង្គបានដែរ។

18 រីឯយើងវិញ យើងលើកតម្កើងព្រះ‌អម្ចាស់

ចាប់ពីពេលនេះ រហូតតទៅ!

ហាលេ‌លូយ៉ា!