ទំនុក‌តម្កើង 113

ព្រះ‌អង្គលើកមនុស្សទន់ខ្សោយឡើង

1 ចូរសរសើរតម្កើងព្រះ‌អម្ចាស់!

អ្នកបម្រើរបស់ព្រះ‌អម្ចាស់អើយ

ចូរនាំគ្នាសរសើរតម្កើងព្រះ‌អង្គ!

ចូរនាំគ្នាសរសើរតម្កើងព្រះ‌នាមព្រះ‌អម្ចាស់!

2 ចូរលើកតម្កើងព្រះ‌នាមព្រះ‌អម្ចាស់

តាំងពីពេលនេះរហូតតទៅ!

3 តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច

ចូរសរសើរតម្កើងព្រះ‌នាមរបស់ព្រះ‌អម្ចាស់!

4 ព្រះ‌អម្ចាស់គង់នៅពីលើប្រជា‌ជាតិទាំង‌ឡាយ

សិរី‌រុងរឿងរបស់ព្រះ‌អង្គខ្ពស់ជាង

ផ្ទៃមេឃទៅទៀត។

5 តើមាននរណាអាចផ្ទឹមស្មើនឹងព្រះ‌អម្ចាស់

ជាព្រះរបស់យើងបាន?

ព្រះ‌អង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត

6 ព្រះ‌អង្គទតមើលមកផ្ទៃមេឃ

និងផែនដី ដែលនៅខាងក្រោមព្រះ‌អង្គ។

7 ព្រះ‌អង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី

ព្រះ‌អង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ

8 ដើម្បីឲ្យគេកាន់កាប់អំណាច

រួមជាមួយពួកអ្នកធំ

គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោម

ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ។

9 ព្រះ‌អង្គប្រទានឲ្យស្ត្រីអារមានកូន

ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ

ជាមួយកូនៗរបស់នាង។

ហាលេ‌លូយ៉ា!