ទំនុក‌តម្កើង 112

មនុស្សល្អមិនដែលរង្គើទេ

1 ចូរសរសើរតម្កើងព្រះ‌អម្ចាស់!

អ្នកណាគោរពកោតខ្លាចព្រះ‌អម្ចាស់

ហើយពេញចិត្តនឹងគោរពតាម

ព្រះ‌បញ្ជារបស់ព្រះ‌អង្គ

អ្នកនោះមានសុភមង្គលហើយ!

2 ពូជ‌ពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក

ដ្បិតព្រះ‌ជាម្ចាស់នឹងប្រទានពរ

ដល់មនុស្សទៀងត្រង់។

3 នៅក្នុងផ្ទះរបស់អ្នកនោះ

នឹងមានទ្រព្យ‌សម្បត្តិស្ដុក‌ស្ដម្ភ

សេចក្ដីសុចរិតរបស់គាត់នៅស្ថិត‌ស្ថេររហូតតទៅ។

4 ក្នុងទីងងឹត មានពន្លឺលេចឡើង

បំភ្លឺមនុស្សទៀងត្រង់

ដែលមានចិត្តប្រណីសន្ដោស

អាណិតមេត្តា និងសុចរិត។

5 អ្នកណាមានចិត្តទូលាយ

ហើយយករបស់ខ្លួនឲ្យគេខ្ចី

ព្រមទាំងរកស៊ីដោយទៀងត្រង់

អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។

6 មនុស្សល្អនឹងបានសុខជា‌និច្ច

គេនឹងរំឭកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។

7 គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់

ពីគាត់សោះឡើយ គាត់មានចិត្តរឹង‌ប៉ឹង

ហើយផ្ញើជីវិតលើព្រះ‌អម្ចាស់ទាំងស្រុង។

8 គាត់មានចិត្តនឹង‌ន ឥតភ័យខ្លាចអ្វីទាំងអស់

រហូតទាល់តែបានឃើញខ្មាំងសត្រូវបរា‌ជ័យ។

9 គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ

សេចក្ដីសុចរិតរបស់គាត់នៅស្ថិត‌ស្ថេររហូតតទៅ

ហើយគាត់ចម្រើនកម្លាំងកាន់តែរុងរឿងឡើងៗ។

10 ពេលមនុស្សអាក្រក់ឃើញដូច្នេះ

ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ

ហើយរលាយសូន្យទៅ មនុស្សអាក្រក់

ពុំដែលបានសម្រេចដូចបំណងឡើយ។