ទំនុក‌តម្កើង 110

ព្រះ‌ករុណាជាបូជា‌ចារ្យអស់‌កល្បតរៀងទៅ

ទំនុក‌តម្កើងពីសៀវភៅរបស់ស្ដេចដាវីឌ។

1 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូល

មកកាន់ព្រះ‌រាជា

ជាព្រះ‌អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖

«សូមគង់នៅខាងស្ដាំយើង

ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះ‌អង្គ

មកដាក់ក្រោមព្រះ‌បាទារបស់ព្រះ‌អង្គ!»។

2 សូមព្រះ‌ជា‌អម្ចាស់ប្រោសប្រទានឲ្យរាជ្យ

របស់ព្រះ‌ករុណា

លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!

សូមព្រះ‌ករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំ‌វិញ!

3 នៅថ្ងៃព្រះ‌ករុណាកេណ្ឌទ័ពទៅច្បាំង

ប្រជា‌រាស្ត្រចូលរួមដោយស្ម័គ្រចិត្ត

ពួកយុវជននាំគ្នាចូលមកគាល់ព្រះ‌ករុណា

នៅលើភ្នំដ៏‌វិសុទ្ធ

ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលសន្យា

ដោយឥតប្រែ‌ប្រួលថា:

«ព្រះ‌អង្គជាបូជា‌ចារ្យអស់‌កល្បតរៀងទៅ

តាមរបៀបស្ដេចម៉ិលគី‌ស្សាដែក»។

5 ព្រះ‌អម្ចាស់គង់នៅខាងស្ដាំព្រះ‌ករុណា

នៅថ្ងៃដែលព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ

ព្រះ‌អង្គកម្ទេចស្ដេចនានា។

6 ព្រះ‌អង្គវិនិច្ឆ័យទោសប្រជា‌ជាតិទាំង‌ឡាយ

ព្រះ‌អង្គទុកសាក‌សពរបស់គេ

ឲ្យនៅពាស‌ពេញគ្រប់ទីកន្លែង

ហើយព្រះ‌អង្គកម្ទេចមេដឹកនាំរបស់គេនៅ

ទួ‌ទាំងប្រទេស។

7 នៅតាមផ្លូវ ព្រះ‌រាជាសោយទឹកជ្រោះ

រួចហើយ ព្រះ‌អង្គងើបព្រះ‌ភ័ក្ត្រ

ប្រកបដោយជោគ‌ជ័យ។