ទំនុក‌តម្កើង 11

ទូលបង្គំទុកចិត្តលើព្រះ‌អម្ចាស់

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។

1 ខ្ញុំមកជ្រកកោនជាមួយព្រះ‌អម្ចាស់ហើយ

ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ

ឲ្យរត់ទៅជ្រកនៅតាមភ្នំ

ដូចសត្វស្លាបទៅវិញដូច្នេះ?

2 -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ

បម្រុងនឹងបាញ់ចេញពីទីងងឹត

សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។

3 ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់

តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?

4 -ព្រះ‌អម្ចាស់គង់នៅក្នុងព្រះ‌វិហារដ៏‌វិសុទ្ធ*

របស់ព្រះ‌អង្គ

បល្ល័ង្ករបស់ព្រះ‌អង្គស្ថិតនៅក្នុងស្ថានបរម‌សុខ

ព្រះ‌អង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់

ដែលមនុស្សលោកធ្វើ។

5 ព្រះ‌អម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត

តែព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យនឹងមនុស្សពាល

ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរ‌ឃៅទេ។

6 សូមព្រះ‌អង្គដាក់ទោសមនុស្សពាល

ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់‌ធ័រ

បង្អុរចុះមកលើពួកគេដូចជាភ្លៀង

ហើយសូមឲ្យខ្យល់ក្ដៅ

បក់បោកមកលើពួកគេដែរ។

7 ដ្បិតព្រះ‌អម្ចាស់ទ្រង់សុចរិត

ព្រះ‌អង្គសព្វព្រះ‌ហឫទ័យនឹងកិច្ចការណា

ដែលសុចរិត។

មនុស្សមានចិត្តទៀងត្រង់

មុខជាបានឃើញព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ។