ទំនុក‌តម្កើង 109

សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់មុខ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 ឱព្រះដែលទូលបង្គំ

សរសើរតម្កើងអើយ

សូមកុំនៅស្ងៀមទៀតឡើយ!

2 ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច

នាំគ្នាពោលពាក្យប្រឆាំងនឹងទូលបង្គំ

គេនិយាយកុហកទាស់នឹងទូលបង្គំ។

3 គេពោលពាក្យសំអប់មកលើទូលបង្គំ

ហើយវាយប្រហារទូលបង្គំ

ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។

4 ទូលបង្គំស្រឡាញ់ពួកគេ

ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ទូលបង្គំ

ទូលបង្គំបានអធិស្ឋានឲ្យពួកគេ។

5 ពួកគេប្រព្រឹត្តអំពើអាក្រក់មកលើទូលបង្គំ

តបសងនឹងអំពើល្អ ហើយសម្តែងចិត្តស្អប់

តបសងនឹងសេចក្ដីស្រឡាញ់។

6 សូមដាក់មនុស្សកំណាចម្នាក់ឲ្យត្រួត

ពីលើអ្នកនោះ ហើយម្នាក់ទៀតឈរនៅខាងស្ដាំ

ដើម្បីចោទប្រកាន់ ។

7 សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំ‌ជម្រះ

ហើយសូមឲ្យពាក្យអធិស្ឋានរបស់គេ

ក្លាយទៅជាអំពើបាបទៅវិញ។

8 សូមកុំឲ្យគេរស់បានយូរឡើយ

សូមឲ្យមានម្នាក់ទៀតកាន់តំណែងជំនួស។

9 សូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រា

ហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។

10 សូមឲ្យកូនរបស់អ្នកនោះ

ក្លាយទៅជាមនុស្សអនាថាដើរសុំទាន

ហើយត្រូវគេដេញចេញពីទីលំ‌នៅ

ដែលរលំបាក់បែក!

11 សូមឲ្យម្ចាស់បំណុលមករឹបអូសអ្វីៗ

ដែលគេមាន

ហើយឲ្យជនបរទេសមកប្លន់យកអ្វីៗ

ដែលគេខំប្រឹងរកបាន!

12 សូមកុំឲ្យមាននរណាម្នាក់សម្តែងចិត្តមេត្តា

ករុណាចំពោះគេឡើយ

ហើយក៏កុំឲ្យមាននរណាម្នាក់អាណិត

អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ!

13 សូមដកជីវិតពូជ‌ពង្សរបស់គេ

ហើយលុបបំបាត់នាមត្រកូលរបស់គេ

នៅជំនាន់ក្រោយ!

14 សូមព្រះ‌អម្ចាស់ចងចាំនូវកំហុសដែលដូនតា

របស់គេបានប្រព្រឹត្ត

ហើយកុំឲ្យព្រះ‌អង្គភ្លេចអំពើបាប

ដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ!

15 សូមព្រះ‌អម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជា‌និច្ច

ពេលពួកគេស្លាប់ សូមព្រះ‌អង្គធ្វើ

កុំឲ្យមាននរណានឹក‌នាដល់ពួកគេឡើយ!

16 ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តា‌ករុណាសោះ

គេបានធ្វើបាបមនុស្សកំសត់ទុគ៌ត

ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត

សោកសង្រេងទៀតផង។

17 គេចូលចិត្តដាក់បណ្ដាសា

ដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ!

គេមិនពេញចិត្តនឹងពរទេ ដូច្នេះ

សូមកុំឲ្យមាននរណាជូនពរគេឡើយ!

18 សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ

សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក

ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!

19 សូមឲ្យបណ្ដាសាបានដូចជាសម្លៀក‌បំពាក់

បិទ‌បាំងកាយពួកគេ

ហើយរុំព័ទ្ធខ្លួនគេជា‌និច្ចដូចខ្សែក្រវាត់។

20 អស់អ្នកដែលចោទប្រកាន់ខ្ញុំ

និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ

សូមឲ្យគេទទួលទោសពីព្រះ‌អម្ចាស់

បែបនេះឯង!

21 ឱព្រះ‌ជា‌អម្ចាស់អើយ

សូមព្រះ‌អង្គមេត្តា

ជួយទូលបង្គំដោយយល់ដល់ព្រះ‌នាមព្រះ‌អង្គ

ព្រះ‌អង្គមានព្រះ‌ហឫទ័យមេត្តា‌ករុណា

ដ៏លើស‌លប់ សូមរំដោះទូលបង្គំផង!

22 ទូលបង្គំជាមនុស្សកំសត់ទុគ៌ត

ទូលបង្គំរបួសដួងចិត្ត។

23 ទូលបង្គំកំពុងតែរសាត់បាត់ទៅ

ដូចជាស្រមោលនៅពេលល្ងាច

គេកំចាត់ទូលបង្គំដូចកំចាត់សត្វល្អិត។

24 ទូលបង្គំទន់ជង្គង់

ព្រោះតែតមអាហារយូរពេក

ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។

25 ពេលមនុស្ស‌ម្នាឃើញទូលបង្គំ

គេនាំគ្នាសើចចំអក

និងគ្រវីក្បាលដាក់ទូលបង្គំ។

26 ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ

សូមជួយទូលបង្គំផង!

សូមសង្គ្រោះទូលបង្គំ

ដោយព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ!

27 សូមឲ្យអ្នកទាំងនោះទទួលស្គាល់ថា

ព្រះ‌អង្គបានសង្គ្រោះទូលបង្គំ

ដោយឫទ្ធិ‌បារមីរបស់ព្រះ‌អង្គ។

28 ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំ

ក៏ដោយ ក៏ព្រះ‌អង្គប្រទានពរឲ្យទូលបង្គំដែរ

ប្រសិនបើពួកគេវាយប្រហារទូលបង្គំ

ពួកគេមុខជាត្រូវបាក់មុខ

ហើយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះ‌អង្គ

នឹងមានអំណរសប្បាយ។

29 សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ

ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់

នៅជាប់ជាមួយពួកគេរហូតតទៅ!

30 ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងព្រះ‌អម្ចាស់

ខ្ញុំនឹងសរសើរតម្កើងព្រះ‌អង្គក្នុងចំណោម

បណ្ដា‌ជនដ៏ច្រើនកុះ‌ករ!

31 ដ្បិតព្រះ‌អង្គការពារជនកំសត់ទុគ៌ត

ដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃ

របស់អស់អ្នកដែលចង់ដាក់ទោសគេ។