ទំនុក‌តម្កើង 108

ខ្ញុំដាស់ព្រះ‌អាទិត្យឲ្យរះឡើង

បទចម្រៀងតម្កើងព្រះ‌ជាម្ចាស់។ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 ឱព្រះ‌ជាម្ចាស់អើយ ទូលបង្គំ

ត្រៀមចិត្តគំនិតជាស្រេច!

ទូលបង្គំនឹងច្រៀង

ទូលបង្គំនឹងស្មូត្រទំនុក‌តម្កើងអស់ពីដួងចិត្ត!

2 ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង!

ខ្ញុំដាស់ព្រះ‌អាទិត្យឲ្យរះ

3 ឱព្រះ‌អម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង

ព្រះ‌អង្គក្នុងចំណោមប្រជា‌ជនទាំង‌ឡាយ

ទូលបង្គំនឹងស្មូត្រទំនុក‌តម្កើង

ថ្វាយព្រះ‌អង្គក្នុងចំណោមប្រជា‌ជាតិនានា

4 ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

ខ្ពស់រហូតដល់ផ្ទៃមេឃ

ហើយព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ

របស់ព្រះ‌អង្គខ្ពស់ដល់អាកាស‌វេហាស៍។

5 ឱព្រះ‌ជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំ‌ថ្កើង

ឧត្តុង្គ‌ឧត្ដមរបស់ព្រះ‌អង្គនៅលើផ្ទៃមេឃ

ហើយសូមឲ្យសិរី‌រុងរឿងរបស់ព្រះ‌អង្គ

ភ្លឺចែងចាំងនៅលើផែនដីទាំងមូល!

6 សូមយាងមកសង្គ្រោះយើងខ្ញុំ

ដោយឫទ្ធិ‌បារមីរបស់ព្រះ‌អង្គ

សូមឆ្លើយតបនឹងយើងខ្ញុំផង

ដើម្បីឲ្យប្រជា‌ជនជាទីស្រឡាញ់

របស់ព្រះ‌អង្គបានរួចជីវិត!

7 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលពីទី‌សក្ការៈ

របស់ព្រះ‌អង្គមកថា:

«យើងនឹងយកជ័យ‌ជំនះ

យើងនឹងបែងចែកស្រុកស៊ីគែម

យើងនឹងវាស់ជ្រលងភ្នំស៊ូកូត

ចែកប្រជា‌រាស្ដ្ររបស់យើង។

8 កាឡាតជាទឹកដីរបស់យើង

ហើយម៉ាណា‌សេក៏ជាទឹកដីរបស់យើងដែរ

អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង

ហើយយូដាជាដំបងរាជ្យរបស់យើង។

9 ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង

យើងបោះស្បែកជើងយើងលើទឹកដីអេដុម

ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។

យើងនឹងស្រែកប្រកាសសង្គ្រាម

ប្រឆាំងនឹងស្រុកភីលីស្ទីន!»។

10 តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុង

ដ៏រឹង‌មាំបាន?

តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម?

11 ឱព្រះ‌ជាម្ចាស់អើយ!

មានតែព្រះ‌អង្គទេដែលអាចនាំយើងខ្ញុំ

ប៉ុន្តែ ព្រះ‌អង្គបានបោះបង់ចោលយើងខ្ញុំ

ព្រះ‌អង្គឈប់យាងទៅជាមួយកង‌ទ័ព

យើងខ្ញុំទៀតហើយ។

12 សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់

នឹងពួកសត្រូវផង

ដ្បិតការសង្គ្រោះមកពីមនុស្សលោក

ឥតប្រយោជន៍អ្វីសោះ។

13 បើព្រះ‌ជាម្ចាស់គង់នៅជាមួយយើង

នោះយើងនឹងមានជ័យ‌ជំនះ

ដ្បិតព្រះ‌អង្គនឹងបង្ក្រាបបច្ចា‌មិត្ត

របស់យើងឲ្យរាប។