ទំនុក‌តម្កើង 103

ខ្ញុំសូមសរសើរតម្កើងព្រះ‌នាមដ៏‌វិសុទ្ធរបស់ព្រះ‌អង្គអស់ពីដួងចិត្ត!

ទំនុករបស់ស្ដេចដាវីឌ។

1 ខ្ញុំសូមសរសើរតម្កើងព្រះ‌អម្ចាស់!

ខ្ញុំសូមសរសើរតម្កើងព្រះ‌នាមដ៏‌វិសុទ្ធ

របស់ព្រះ‌អង្គអស់ពីដួងចិត្ត!

2 ខ្ញុំសូមសរសើរតម្កើងព្រះ‌អម្ចាស់

ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះ‌អង្គ

បានធ្វើដោយព្រះ‌ហឫទ័យសប្បុរសនោះឡើយ!

3 ព្រះ‌អង្គបានអត់‌ទោសនូវកំហុសទាំងប៉ុន្មាន

ដែលខ្ញុំបានប្រព្រឹត្ត

ព្រះ‌អង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង

4 ព្រះ‌អង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ

ព្រះ‌អង្គតែងសម្តែងព្រះ‌ហឫទ័យមេត្តាករុណា

និងអាណិត‌អាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌

5 ព្រះ‌អង្គប្រទានឲ្យខ្ញុំរស់នៅ

ប្រកបដោយសុភមង្គល

ហើយព្រះ‌អង្គប្រទានឲ្យខ្ញុំ

មានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។

6 ព្រះ‌អម្ចាស់ប្រព្រឹត្តដោយសុចរិត

ព្រះ‌អង្គរកយុត្តិធម៌ឲ្យ

អស់អ្នកដែលត្រូវគេសង្កត់‌សង្កិន។

7 ព្រះ‌អង្គបង្ហាញឲ្យលោកម៉ូសេ

ស្គាល់គម្រោង‌ការរបស់ព្រះ‌អង្គ

ព្រះ‌អង្គបង្ហាញឲ្យប្រជា‌ជនអ៊ីស្រា‌អែល

ស្គាល់ស្នាព្រះ‌ហស្ដដ៏អស្ចារ្យរបស់ព្រះ‌អង្គ។

8 ព្រះ‌អម្ចាស់ប្រកបដោយព្រះ‌ហឫទ័យ

អាណិត‌អាសូរ ព្រះ‌អង្គតែងតែប្រណី‌សន្ដោស

ព្រះ‌អង្គមានព្រះ‌ហឫទ័យអត់‌ធ្មត់

ហើយពោរ‌ពេញទៅដោយព្រះ‌ហឫទ័យ

មេត្តា‌ករុណា។

9 ព្រះ‌អង្គមិនបន្ទោសជា‌និច្ចជាកាលទេ

ហើយព្រះ‌អង្គក៏មិនព្រះ‌ពិរោធរហូតដែរ។

10 ព្រះ‌អង្គមិនដាក់ទោសយើង

ឲ្យសមនឹងអំពើបាប

ដែលយើងប្រព្រឹត្តនោះឡើយ

ហើយព្រះ‌អង្គក៏មិនឲ្យយើងទទួលទោស

សមនឹងកំហុសរបស់យើងនោះដែរ។

11 ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា

ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះ‌អង្គ

ក៏ខ្ពស់យ៉ាងនោះដែរ។

12 ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា

ព្រះ‌អង្គក៏ដកកំហុសរបស់យើង

ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។

13 ឪពុកអាណិត‌អាសូរកូនរបស់ខ្លួនយ៉ាងណា

ព្រះ‌អម្ចាស់ក៏អាណិត‌អាសូរអស់អ្នក

ដែលគោរពកោតខ្លាចព្រះ‌អង្គយ៉ាងនោះដែរ

14 ដ្បិតព្រះ‌អង្គជ្រាបថាយើងមានដើមកំណើតពីអ្វី

គឺព្រះ‌អង្គឥតភ្លេចទេថា

មនុស្សយើងមានកំណើតមកពីធូលីដី។

15 ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ

ឬដូចជាផ្កាដែលរីកឡើងនៅទីវាល

16 ពេលណាមានខ្យល់បក់មក

វាក៏រុះ‌រោយបាត់អស់ទៅ

ឥតមានទុកស្នាមអ្វីសោះឡើយ។

17 តែព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អម្ចាស់

ស្ថិតនៅអស់‌កល្បជា‌និច្ច

ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះ‌អង្គ

ព្រះ‌អង្គក៏នឹងសម្តែងព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ

ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ

18 ប្រសិនបើគេកាន់តាមសម្ពន្ធ‌មេត្រីរបស់ព្រះ‌អង្គ

ព្រមទាំងប្រតិបត្តិតាមបទ‌បញ្ជា

របស់ព្រះ‌អង្គឥតភ្លេចសោះឡើយ។

19 ព្រះ‌អម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះ‌អង្គ

នៅស្ថានបរម‌សុខ

ព្រះ‌អង្គគ្រងរាជ្យលើអ្វីៗទាំងអស់។

20 ទេវតាដ៏ខ្លាំងពូកែរបស់ព្រះ‌អម្ចាស់អើយ

ចូរនាំគ្នាសរសើរតម្កើងព្រះ‌អង្គ!

អស់លោកតែងតែអនុវត្តតាម

ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ

ហើយស្ដាប់តាមព្រះ‌បញ្ជារបស់ព្រះ‌អង្គជា‌និច្ច។

21 អស់លោកដែលជាកង‌ពលរបស់ព្រះ‌អម្ចាស់អើយ

ចូរនាំគ្នាសរសើរតម្កើងព្រះ‌អង្គ!

អស់លោកតែងតែបម្រើព្រះ‌អង្គ

ស្របតាមព្រះ‌ហឫទ័យរបស់ព្រះ‌អង្គជា‌និច្ច!

22 ឱស្នាព្រះ‌ហស្ដទាំង‌ឡាយរបស់ព្រះ‌អម្ចាស់អើយ

ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ

ក្រោមការគ្រប់‌គ្រងរបស់ព្រះ‌អង្គដែរ

ចូរនាំគ្នាសរសើរតម្កើងព្រះ‌អង្គ!

ខ្ញុំសូមសរសើរតម្កើងព្រះ‌អម្ចាស់!