ទំនុក‌តម្កើង 101

ពាក្យសន្យារបស់ព្រះ‌រាជា

ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 ទូលបង្គំនឹងច្រៀងរៀបរាប់អំពី

ព្រះ‌ហឫទ័យមេត្តា‌ករុណា និងយុត្តិធម៌

ព្រះ‌អម្ចាស់អើយ

ទូលបង្គំនឹងស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អង្គ។

2 ទូលបង្គំនឹងយកចិត្តទុកដាក់

អំពីមាគ៌ាដ៏ទៀងត្រង់។

តើដល់ពេលណាទើបព្រះ‌អង្គ

យាងមករកទូលបង្គំ?

ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំ

ដោយកាន់ចិត្តទៀងត្រង់។

3 ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់

ណាមួយជាដាច់ខាត

ទូលបង្គំមិនចូលចិត្តនឹងអាកប្ប‌កិរិយា

របស់អស់អ្នកដែលក្បត់ព្រះ‌អង្គឡើយ

គឺទូលបង្គំមិនចង់ជាប់ពាក់‌ព័ន្ធ

នឹងអាកប្ប‌កិរិយាបែបនេះទេ។

4 ទូលបង្គំមិនទុកឲ្យមនុស្ស

ដែលមានចិត្តវៀច‌វេរ

ចូលជិតទូលបង្គំបានឡើយ

ហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗ

ដែលអាក្រក់ដែរ។

5 ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់

ពីក្រោយខ្នងបង‌ប្អូនរបស់ខ្លួន

ទូលបង្គំនឹងមិនយោគ‌យល់ដល់អស់អ្នក

ដែលវាយ‌ឫកខ្ពស់

ហើយមានចិត្តអួតបំប៉ោងនោះឡើយ។

6 ទូលបង្គំនឹងស្វែងរកអស់អ្នកដែលមានចិត្ត

ស្មោះត្រង់នៅក្នុងស្រុក

ដើម្បីរស់នៅជាមួយទូលបង្គំ

ហើយនរណាដើរតាមមាគ៌ាទៀងត្រង់

ទូលបង្គំនឹងឲ្យគេធ្វើជាជំនិតរបស់ទូលបង្គំ។

7 រីឯមនុស្សបោកប្រាស់វិញ ទូលបង្គំមិនអនុញ្ញាត

ឲ្យរស់នៅក្នុងផ្ទះទូលបង្គំឡើយ

ហើយអ្នកនិយាយកុហក

ក៏មិនអាចនៅជិតទូលបង្គំបានដែរ។

8 រាល់ព្រឹក ទូលបង្គំបំបិទមាត់មនុស្សអាក្រក់

ទាំងប៉ុន្មាននៅក្នុងស្រុក

ទូលបង្គំដកពួកទុច្ចរិត

ចេញពីទីក្រុងរបស់ព្រះ‌អម្ចាស់។