ទំនុក‌តម្កើង 10

ពាក្យអធិស្ឋានសូមព្រះ‌អម្ចាស់រកយុត្តិធម៌

1 ព្រះ‌អម្ចាស់អើយ

ហេតុអ្វីបានជាព្រះ‌អង្គគង់នៅឆ្ងាយម៉្លេះ?

នៅពេលទូលបង្គំមានអាសន្ន

ហេតុអ្វីបានជាព្រះ‌អង្គសំងំស្ងៀមដូច្នេះ?

2 មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត

ទាំងឥតអៀនខ្មាស

ពួកគេប្រើកល‌ល្បិចធ្វើឲ្យ

មនុស្សទុគ៌តវិនាស។

3 មនុស្សពាលតែងតែនិយាយអួត

អំពីការលោភ‌លន់របស់ខ្លួន

ហើយមនុស្សកេង‌ប្រវ័ញ្ចនាំគ្នានិយាយចំអក

និងប្រមាថព្រះ‌អម្ចាស់។

4 មនុស្សពាលនិយាយទាំងវាយឫកខ្ពស់

ហើយមិនរវី‌រវល់នឹងអ្វីសោះ

ព្រោះគេគិតថា គ្មានព្រះ‌ជាម្ចាស់ទេ!

5 អ្វីៗដែលគេធ្វើតែងតែចម្រុង‌ចម្រើនជា‌និច្ច

គេគិតមិនដល់សោះថា

ព្រះ‌អង្គនឹងវិនិច្ឆ័យទោសគេដូច្នេះ

គេក៏បន្ទាបបន្ថោកបច្ចា‌មិត្តរបស់ខ្លួន។

6 គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះ‌រង្គើ

ហើយអញក៏នឹងមិនជួបប្រទះ

ទុក្ខលំបាកសោះឡើយ»។

7 មាត់របស់គេពោលតែពាក្យបណ្ដាសា

ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់

ហើយពាក្យអពមង្គល

និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជា‌និច្ច។

8 គេតែងពួនស្ទាក់នៅក្បែរភូមិ

ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់

គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។

9 គេពួនដូចសត្វសិង្ហសំងំនៅតាមគុម្ពោត

គេពួនស្ទាក់ចាំចាប់ជនទុគ៌ត

គេចាប់ជនទុគ៌ត ដោយទាក់‌ទាញ

ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។

10 ជនទុគ៌តក៏ដួល ក្រាបនៅដី

ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល ។

11 មនុស្សពាលគិតក្នុងចិត្តថា

«ព្រះ‌ជាម្ចាស់មិនចាប់អារម្មណ៍ទេ!

ព្រះ‌អង្គបិទព្រះ‌នេត្រ

ទ្រង់មិនទតមើលទាល់តែសោះ!»។

12 ព្រះ‌អម្ចាស់អើយ សូមតើនឡើង

បង្ហាញព្រះ‌បារមីរបស់ព្រះ‌អង្គ

សូមកុំភ្លេចមនុស្សទន់‌ទាបឡើយ!

13 ហេតុអ្វីបានជាមនុស្សពាលចំអក

មើល‌ងាយព្រះ‌ជាម្ចាស់?

ហេតុអ្វីបានជាគេគិតក្នុងចិត្តថា

«ព្រះ‌អង្គនឹងមិនរករឿងអញឡើយ» ដូច្នេះ?

14 ព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គពិតជាទតឃើញទុក្ខលំបាក

និងការឈឺចាប់របស់មនុស្សទន់‌ទាប

ព្រះ‌អង្គប្រុងនឹងជួយគេជា‌និច្ច

មនុស្សទុគ៌តផ្ញើជីវិតលើព្រះ‌អង្គទាំងស្រុង

ហើយមានតែព្រះ‌អង្គទេ

ដែលយាងមកជួយសង្គ្រោះជនកំព្រា។

15 សូមព្រះ‌អង្គកាច់បំបាក់ដៃរបស់មនុស្សពាល

សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត

អំពើពាលតទៅទៀត! ។

16 ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រដ៏គង់នៅ

អស់‌កល្បជាអង្វែងតរៀងទៅ

សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ

អស់ពីស្រុករបស់ព្រះ‌អង្គ។

17 បពិត្រព្រះ‌អម្ចាស់ព្រះ‌អង្គទ្រង់ឈ្វេងយល់

បំណងចិត្តរបស់មនុស្សទន់‌ទាប

ព្រះ‌អង្គលើកទឹកចិត្តគេ

18 ព្រះ‌អង្គតែងតែផ្ទៀងព្រះ‌កាណ៌ស្ដាប់ជនកំព្រា

និងមនុស្សដែលត្រូវគេជិះ‌ជាន់

ហើយព្រះ‌អង្គរកយុត្តិធម៌ឲ្យគេ

ដើម្បីកុំឲ្យមនុស្សនៅលើផែនដី

អាចសង្កត់‌សង្កិនគេតទៅមុខទៀត ។