ទំនុក‌តម្កើង 1

សុភមង្គលដ៏ពិតប្រាកដ

1 មានសុភមង្គលហើយ

អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល

មិនឈរក្នុងមាគ៌ារបស់មនុស្សបាប

ហើយក៏មិនអង្គុយរួមជាមួយ

ពួកអ្នកចំអកឡកឡឺយ

2 ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យ‌វិន័យរបស់

ព្រះ‌អម្ចាស់ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យ‌វិន័យ*

របស់ព្រះ‌អង្គ ទាំងយប់ ទាំងថ្ងៃ។

3 អ្នកនោះប្រៀបបាននឹងដើមឈើ

ដុះនៅក្បែរផ្លូវទឹក

ដែលផ្ដល់ផលផ្លែតាមរដូវកាល

ហើយមានស្លឹកមិនចេះស្លោកស្រពោន

អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុង‌ចម្រើនទាំងអស់។

4 រីឯមនុស្សពាលវិញ មិនដូច្នោះទេ

គឺពួកគេប្រៀបបាននឹងអង្កាម

ដែលត្រូវខ្យល់ផាត់បាត់ទៅ។

5 នៅថ្ងៃព្រះ‌ជាម្ចាស់វិនិច្ឆ័យទោស

មនុស្សពាលពុំអាចក្រោកឈរបានឡើយ

ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម

មនុស្សសុចរិត*បានដែរ។

6 ដ្បិតព្រះ‌អម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិត

រីឯមាគ៌ារបស់មនុស្សពាលវិញ

នាំឲ្យខ្លួនវិនាសអន្តរាយ។