ទុតិយ‌កថា 29

1 លោកម៉ូសេកោះហៅជន‌ជាតិអ៊ីស្រា‌អែលទាំងមូល ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុ‌ការណ៍ទាំងប៉ុន្មាន ដែលព្រះ‌អម្ចាស់ធ្វើចំពោះស្ដេចផារ៉ោន និងមន្ត្រី ព្រមទាំងប្រជា‌រាស្ត្រទាំងអស់នៅស្រុកអេស៊ីប។

2 អ្នករាល់គ្នាបានឃើញព្រះ‌អង្គដាក់ទោសពួកគេយ៉ាងធ្ងន់‌ធ្ងរ ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិ‌បាដិ‌ហារិយ៍ដ៏ធំៗរបស់ព្រះ‌អង្គ។

3 ប៉ុន្តែ រហូតមកដល់ថ្ងៃនេះព្រះ‌អម្ចាស់ពុំទាន់ប្រទានឲ្យអ្នករាល់គ្នាមានចិត្តដែលអាចស្វែងយល់ មានភ្នែកដែលអាចមើលឃើញ ហើយមានត្រចៀកដែលអាចស្ដាប់ឮទេ ។

4 “យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោ‌ស្ថាន អស់រយៈពេលសែ‌សិបឆ្នាំ។ សម្លៀក‌បំពាក់របស់អ្នករាល់គ្នាមិនចេះរេច‌រឹល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។

5 អ្នករាល់គ្នាមិនបានបរិភោគនំប៉័ង អ្នករាល់គ្នាមិនបានផឹកស្រាទំពាំង‌បាយជូរ ឬគ្រឿងស្រវឹងណាទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា យើងពិតជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមែន”។

6 ពេលអ្នករាល់គ្នាមកដល់ទីនេះ ស៊ីហុនជាស្ដេចក្រុងហែស‌បូន និងអុកជាស្ដេចស្រុកបាសាន បានលើកទ័ពចេញមកវាយប្រហារពួកយើង តែពួកយើងយកជ័យ‌ជំនះលើពួកគេ ។

7 ពួកយើងដណ្ដើមយកបានស្រុករបស់ពួកគេ ហើយប្រគល់ស្រុកនេះទៅឲ្យកុល‌សម្ព័ន្ធរូបេន កុល‌សម្ព័ន្ធកាដ និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល ទុកជាចំណែកមត៌ក។

8 ដូច្នេះ អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធ‌មេត្រីនេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលជោគជ័យ ក្នុងគ្រប់កិច្ចការ ដែលអ្នករាល់គ្នាធ្វើ។

9 ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុល‌សម្ព័ន្ធ ក្រុមព្រឹទ្ធា‌ចារ្យ ពួកមេ‌ទ័ព ប្រុសៗទាំងអស់

10 រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុសរហូតដល់អ្នករែកទឹក។

11 ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ចងសម្ពន្ធ‌មេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធ‌មេត្រីនេះ ដោយសច្ចាថានឹងអនុវត្តតាម។

12 ធ្វើដូច្នេះ អ្នកនឹងទៅជាប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ ហើយព្រះ‌អង្គធ្វើជាព្រះរបស់អ្នក ដូចព្រះ‌អង្គមានព្រះ‌បន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺង‌ម៉ាត់ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបជាបុព្វបុរសរបស់អ្នក។

13 ព្រះ‌អម្ចាស់មិនគ្រាន់តែចងសម្ពន្ធ‌មេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ

14 គឺព្រះ‌អង្គចងជាមួយអស់អ្នក ដែលមានមុខជាមួយពួកយើង នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ជាព្រះរបស់យើង នៅទីនេះ ក្នុងថ្ងៃនេះ ព្រមទាំងអស់អ្នកដែលមិនទាន់កើតដែរ។

15 អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងស្រុកអេស៊ីបរបៀបណា ហើយយើងឆ្លងកាត់ស្រុករបស់ប្រជា‌ជាតិទាំង‌ឡាយរបៀបណា។

16 អ្នករាល់គ្នាបានឃើញព្រះដ៏គួរស្អប់ខ្ពើម ជារូបបដិមាធ្វើពីឈើ និងពីថ្ម ឬពីប្រាក់ និងមាសនៅក្នុងស្រុករបស់ពួកគេ។

17 ដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ទោះបីប្រុសក្ដី ស្ត្រីក្ដី ឬអំបូរណាមួយ ឬកុល‌សម្ព័ន្ធណាមួយក្ដី បែរចិត្តចេញពីព្រះ‌អម្ចាស់ជាព្រះរបស់យើង នៅថ្ងៃនេះ ទៅគោរពថ្វាយ‌បង្គំព្រះនានារបស់ប្រជា‌ជាតិទាំងនោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ក្លាយទៅជាឫសគល់ដែលបង្កជាតិពុលល្វីងជូរចត់ឡើយ ។

18 ក្រោយពីបានឮពាក្យសច្ចាដ៏ឱឡា‌រិកនេះហើយ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអំនួតពោលថា “ទោះបីខ្ញុំធ្វើតាមអំពើចិត្តរបស់ខ្ញុំក្ដី ខ្ញុំនៅតែមានសេចក្ដីសុខជា‌និច្ច”។ គំនិតដូច្នេះនឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។

19 ព្រះ‌អម្ចាស់មិនសព្វព្រះ‌ហឫទ័យអត់‌ទោសឲ្យមនុស្សបែបនេះទេ ផ្ទុយទៅវិញ ព្រះ‌ពិរោធ និងសេចក្ដីប្រច័ណ្ឌរបស់ព្រះ‌អម្ចាស់មុខជាឆាប‌ឆេះគេ បណ្ដាសាទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរនេះក៏នឹងកើតមានដល់គេ ហើយព្រះ‌អម្ចាស់នឹងលុបបំបាត់ឈ្មោះគេពីផែនដីនេះ។

20 ព្រះ‌អម្ចាស់នឹងដកអ្នកនោះចេញពីចំណោមកុល‌សម្ព័ន្ធនានានៃជន‌ជាតិអ៊ីស្រា‌អែល ដើម្បីឲ្យរងទុក្ខវេទនា ស្របតាមបណ្ដាសាទាំងប៉ុន្មាននៃសម្ពន្ធ‌មេត្រី ដែលមានចែងទុកក្នុងគម្ពីរនៃវិន័យនេះ។

21 កូនចៅរបស់អ្នករាល់គ្នាដែលកើតនៅជំនាន់ក្រោយ ព្រមទាំងជនបរទេសមកពីស្រុកឆ្ងាយ មុខជាឃើញគ្រោះកាច និងជំងឺផ្សេងៗដែលព្រះ‌អម្ចាស់ធ្វើឲ្យកើតមានចំពោះស្រុកនេះ ពួកគេនឹងពោលថា:

22 “ស្រុកទាំងមូលនឹងត្រូវឆាប‌ឆេះ ហើយមានតែស្ពាន់‌ធ័រ និងអំបិល គ្មាននរណាអាចសាបព្រោះ គ្មានដំណាំអ្វីដុះ សូម្បីតែស្មៅក៏គ្មានផង គឺស្រុកនោះប្រៀបដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេ‌បោម ដែលព្រះ‌អម្ចាស់បំផ្លាញ ដោយ‌សារព្រះ‌ពិរោធដ៏ខ្លាំង‌ក្លា”។

23 ប្រជា‌ជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជាព្រះ‌អម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាព្រះ‌អង្គខ្ញាល់យ៉ាងខ្លាំងបែបនេះ?”។

24 គេនឹងឆ្លើយវិញថា “មកពីពួកគេបោះបង់ចោលសម្ពន្ធ‌មេត្រី ដែលព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចងជាមួយពួកគេ នៅពេលព្រះ‌អង្គនាំពួកគេចាកចេញពីស្រុកអេស៊ីប។

25 ពួកគេនាំគ្នាទៅគោរពបម្រើព្រះដទៃ ហើយថែមទាំងក្រាបថ្វាយ‌បង្គំព្រះទាំងនោះទៀតផង គឺព្រះដែលពួកគេពុំស្គាល់ ហើយព្រះ‌អម្ចាស់ក៏ពុំបានអនុញ្ញាតឲ្យពួកគេថ្វាយ‌បង្គំដែរ។

26 ហេតុនេះហើយបានជាព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំងទាស់នឹងស្រុកនេះ។ ព្រះ‌អង្គធ្វើឲ្យបណ្ដាសាទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរនេះ កើតមានដល់ពួកគេ។

27 ព្រះ‌អម្ចាស់ដកពួកគេចេញពីទឹកដីរបស់ខ្លួន ដោយព្រះ‌ហឫទ័យក្រេវ‌ក្រោធយ៉ាងខ្លាំងបំផុត ហើយព្រះ‌អង្គយកពួកគេទៅបោះចោលនៅស្រុកមួយផ្សេងទៀត រហូតមកដល់សព្វថ្ងៃ”។

28 មានតែព្រះ‌អម្ចាស់ជាព្រះរបស់យើងប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដ៏លាក់កំបាំង។ ព្រះ‌អង្គបើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តរៀងទៅ ស្គាល់អ្វីៗដែលព្រះ‌អង្គសម្តែង ដើម្បីឲ្យយើងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនៃក្រឹត្យ‌វិន័យនេះ»។