ទុតិយ‌កថា 10

ព្រះ‌អម្ចាស់អត់‌ទោសឲ្យប្រជា‌ជនអ៊ីស្រា‌អែល

1 «នៅគ្រានោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា: “ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន រួចឡើងទៅជួបយើងនៅលើភ្នំ។ ចូរធ្វើហិបមួយពីឈើដែរ។

2 យើងនឹងសរសេរសេចក្ដីទាំងប៉ុន្មាន ដែលមានចារឹកលើបន្ទះថ្មពីមុន នៅលើបន្ទះថ្មថ្មី ហើយអ្នកត្រូវទុកបន្ទះថ្មនេះនៅក្នុងហិប”។

3 ខ្ញុំក៏បានធ្វើហិបមួយពីឈើនាង‌នួន ហើយដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ រួចខ្ញុំឡើងទៅលើភ្នំ ដោយកាន់ថ្មទាំងពីរបន្ទះទៅជាមួយផង។

4 ព្រះ‌អម្ចាស់បានចារសេចក្ដីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទ‌បញ្ជាទាំងដប់ប្រការ ដែលព្រះ‌អង្គបានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលអ្នករាល់គ្នាជួប‌ជុំគ្នា រួចហើយព្រះ‌អម្ចាស់ប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។

5 ខ្ញុំចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយបន្ទះថ្មក៏នៅក្នុងហិបនោះរហូត ដូចព្រះ‌អម្ចាស់បានបង្គាប់មកខ្ញុំ»។

6 ជន‌ជាតិអ៊ីស្រា‌អែលចេញដំណើរពីប្អៀរ៉ូត-‌បេនេ‌យ៉ា‌កានឆ្ពោះទៅម៉ូសេ‌រ៉ា។ នៅទីនោះ លោកអើរ៉ុនបានទទួលមរណ‌ភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេ‌ឡា‌សារ ជាកូន បានទទួលមុខ‌ងារជាបូជា‌ចារ្យបន្តពីលោក។

7 បន្ទាប់មក ពួកគេចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់គុត‌កូថា ហើយចេញពីគុត‌កូថា ឆ្ពោះទៅកាន់យ៉ុត‌បា‌ថា ជាស្រុកដែលមានទឹកអូរច្រើន។

8 នៅគ្រានោះព្រះ‌អម្ចាស់បានញែកកុល‌សម្ព័ន្ធលេវីទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធ‌មេត្រី*របស់ព្រះ‌អម្ចាស់ឲ្យពួកគេបម្រើព្រះ‌អង្គ និងជូនពរដល់ប្រជា‌ជនក្នុងនាមព្រះ‌អង្គ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។

9 ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបង‌ប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះ‌អម្ចាស់ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះ‌អម្ចាស់ជាព្រះរបស់អ្នក មានព្រះ‌បន្ទូលប្រាប់ពួកគេ។

10 «ខ្ញុំស្ថិតនៅលើភ្នំចំនួនសែ‌សិបថ្ងៃ សែ‌សិបយប់ដូចពីមុន។ព្រះ‌អម្ចាស់យល់ព្រមស្ដាប់តាមពាក្យទូល‌អង្វររបស់ខ្ញុំសាជាថ្មី ព្រះ‌អង្គមិនចង់បំផ្លាញអ្នកទេ។

11 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា: “ចូរក្រោកឡើង ដើរនាំមុខប្រជា‌ជននេះ។ ចូរឲ្យពួកគេចូលកាន់កាប់ទឹកដី ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថា នឹងប្រគល់ឲ្យពួកគេ”»។

ការទូន្មានឲ្យស្រឡាញ់ និងស្ដាប់បង្គាប់ព្រះ‌អម្ចាស់

12 ឥឡូវនេះ អ៊ីស្រា‌អែលអើយព្រះ‌អម្ចាស់ជាព្រះរបស់អ្នក សព្វព្រះ‌ហឫទ័យឲ្យអ្នកគោរពកោតខ្លាចព្រះ‌អង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះ‌អង្គ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះ‌អម្ចាស់ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។

13 ព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យឲ្យអ្នកកាន់តាមបទ‌បញ្ជា និងច្បាប់ផ្សេងៗរបស់ព្រះ‌អង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។

14 ផ្ទៃមេឃ អាកាស‌វេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក។

15 ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានព្រះ‌អម្ចាស់ជំពាក់ព្រះ‌ហឫទ័យ និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះ‌អង្គក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជ‌ពង្សរបស់ពួកលោកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។

16 ចូរថ្វាយចិត្តគំនិតទៅព្រះ‌អង្គ ហើយកុំមានចិត្តរឹង‌រូសឲ្យសោះ

17 ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ទ្រង់ជាព្រះលើព្រះនានា ជាព្រះ‌អម្ចាស់លើព្រះ‌អម្ចាស់នានា។ ព្រះ‌អង្គជាព្រះដ៏ឧត្ដម ប្រកបដោយព្រះ‌ចេស្ដា និងគួរឲ្យស្ញែងខ្លាច។ ព្រះ‌អង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។

18 ព្រះ‌អង្គរកយុត្តិធម៌ឲ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ព្រះ‌អង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀក‌បំពាក់ឲ្យពួកគេ។

19 អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។

20 «ចូរគោរពកោតខ្លាចព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ត្រូវគោរពបម្រើព្រះ‌អង្គ ជំពាក់ចិត្តលើព្រះ‌អង្គ ហើយស្បថក្នុងនាមព្រះ‌អង្គតែប៉ុណ្ណោះ។

21 ចូរលើកតម្កើងតែព្រះ‌អង្គប៉ុណ្ណោះ ព្រះ‌អង្គជាព្រះរបស់អ្នក គឺព្រះ‌អង្គហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។

22 កាលបុព្វបុរសរបស់អ្នកចុះទៅនៅស្រុកអេស៊ីប ពួកគេមានគ្នាតែចិត‌សិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះព្រះ‌អម្ចាស់ជាព្រះរបស់អ្នក បានធ្វើឲ្យអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។