ទុតិយ‌កថា 1

ការចេញដំណើរពីវាលរហោ‌ស្ថានស៊ីណៃ

1 នេះជាសុន្ទរ‌កថាដែលលោកម៉ូសេថ្លែងទៅកាន់ប្រជា‌ជនអ៊ីស្រា‌អែលទាំង‌មូល នៅត្រើយខាងកើតទន្លេយ័រដាន់ ក្នុងវាលរហោ‌ស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និងឌីសា‌ហាប។

2 ចាប់ពីភ្នំហោរែបរហូតដល់កាដេស-‌បារនា ដោយកាត់តាមតំបន់ភ្នំសៀរ មានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ។

3 នៅឆ្នាំទីសែ‌សិប ថ្ងៃទីមួយ ខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជន‌ជាតិអ៊ីស្រា‌អែលនូវព្រះ‌បន្ទូលទាំងប៉ុន្មាន ដែលព្រះ‌អម្ចាស់បង្គាប់ឲ្យលោកថ្លែងប្រាប់ពួកគេ

4 គឺនៅក្រោយពេលលោកមានជ័យ‌ជំនះលើព្រះ‌បាទស៊ីហុន ជាស្ដេចជន‌ជាតិអាម៉ូរី គង់នៅក្រុងហេស‌បូន និងព្រះ‌បាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថា‌រ៉ូត និងអេទ្រី។

5 កាលនៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមបង្រៀនក្រឹត្យ‌វិន័យ*ដូចតទៅ៖

6 «ព្រះ‌អម្ចាស់ជាព្រះនៃយើង មានព្រះ‌បន្ទូលមកយើង នៅភ្នំហោរែបថា “អ្នករាល់គ្នាស្នាក់នៅភ្នំនេះអស់រយៈពេលជាយូរមកហើយ។

7 ដូច្នេះ ចូរនាំគ្នាចេញដំណើរទៅមុខទៀត ឆ្ពោះទៅស្រុកភ្នំរបស់ជន‌ជាតិអាម៉ូរី និងតំបន់ទាំងប៉ុន្មាននៅជុំ‌វិញ ព្រមទាំងតំបន់អារ៉ា‌បា តំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប តំបន់ឆ្នេរសមុទ្រ ស្រុកកាណាន ស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអឺប្រាត។

8 មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាព្រះ‌អម្ចាស់បានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជ‌ពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។

9 នៅគ្រានោះ ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាថា “ខ្លួនខ្ញុំតែម្នាក់ពុំអាចទទួលខុសត្រូវលើអ្នករាល់គ្នាទេ។

10 ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យអ្នករាល់គ្នាកើនចំនួនឡើង ហើយសព្វថ្ងៃ អ្នករាល់គ្នាមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។

11 សូមព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យអ្នករាល់គ្នាកើនចំនួនមួយពាន់ដងលើសនេះទៅទៀត សូមព្រះ‌អង្គប្រទានពរអ្នករាល់គ្នា ដូចព្រះ‌អង្គបានសន្យាចំពោះអ្នករាល់គ្នាស្រាប់ហើយ។

12 ប៉ុន្តែ ខ្លួនខ្ញុំម្នាក់ឯងពុំអាចទទួលបន្ទុកដោះស្រាយបញ្ហាក្ដី‌ក្ដាំ និងជម្លោះរបស់អ្នករាល់គ្នាបានទេ។

13 ហេតុនេះ ចូរជ្រើសរើសមនុស្សដែលមានប្រាជ្ញា និងការយល់ដឹង ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងកុល‌សម្ព័ន្ធរបស់អ្នករាល់គ្នា ខ្ញុំនឹងតែង‌តាំងលោកទាំងនោះឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា”។

14 ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំវិញថា “សំណើរបស់លោកសមហេតុសមផលណាស់”។

15 ខ្ញុំក៏បានជ្រើសរើសមេដឹកនាំពីក្នុងកុល‌សម្ព័ន្ធរបស់អ្នករាល់គ្នា គឺមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះល្អ តែង‌តាំងឲ្យធ្វើជាមេដឹកនាំលើមួយពាន់នាក់ មេដឹកនាំលើមួយរយនាក់ មេដឹកនាំលើហា‌សិបនាក់ និងមេដឹកនាំលើដប់នាក់ ព្រមទាំងឲ្យមានពួកតំរួតមើលខុសត្រូវលើកុល‌សម្ព័ន្ធរបស់អ្នករាល់គ្នា។

16 នៅគ្រានោះ ខ្ញុំបានបញ្ជាដល់ពួកចៅ‌ក្រមរបស់អ្នករាល់គ្នាថា “ចូរយកចិត្តទុកដាក់ស្ដាប់បង‌ប្អូនរបស់អ្នករាល់គ្នា នៅពេលពួកគេមានរឿង‌រ៉ាវជាមួយជនរួមជាតិរបស់ខ្លួន ឬជាមួយជនបរទេស ត្រូវកាត់ក្ដីឲ្យពួកគេម្នាក់ៗដោយយុត្តិធម៌។

17 ក្នុងការកាត់ក្ដីកុំរើសមុខនរណាឡើយ គឺអ្នករាល់គ្នាត្រូវស្ដាប់អ្នកតូចក៏ដូចអ្នកធំដែរ កុំខ្លាចនរណាឲ្យសោះ ដ្បិតការវិនិច្ឆ័យស្ថិតនៅលើព្រះ‌ជាម្ចាស់។ ប្រសិនបើរឿង‌រ៉ាវនោះពិបាកកាត់ក្ដីពេក ចូរបញ្ជូនមកខ្ញុំចុះ ដើម្បីឲ្យខ្ញុំពិនិត្យមើល”។

18 នៅគ្រានោះ ខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា អំពីច្បាប់ទម្លាប់ទាំងប៉ុន្មានដែលអ្នករាល់គ្នាត្រូវអនុវត្តតាម»។

ការបះ‌បោរនៅកាដេស

19 «បន្ទាប់មក យើងចាកចេញពីភ្នំហោរែប ឆ្លងកាត់វាលរហោ‌ស្ថានទាំងមូលនេះ ជាវាលរហោ‌ស្ថានដ៏ធំគួរឲ្យស្ញែងខ្លាច ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ យើងធ្វើដំណើរឆ្ពោះទៅភ្នំរបស់ជន‌ជាតិអាម៉ូរី ដូចព្រះ‌អម្ចាស់ជាព្រះនៃយើងបានបង្គាប់។ ពេលមកដល់កាដេស-‌បារនា

20 ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “អ្នករាល់គ្នាមកដល់ភ្នំរបស់ជន‌ជាតិអាម៉ូរី ដែលព្រះ‌អម្ចាស់ជាព្រះនៃយើង ប្រទានមកយើង។

21 មើល៍ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រគល់ស្រុកនេះឲ្យអ្នកហើយ ចូរឡើងទៅកាន់កាប់តាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ជាព្រះរបស់បុព្វបុរសអ្នក បានសន្យាចំពោះអ្នក កុំភ័យខ្លាច ឬតក់‌ស្លុតឡើយ!”។

22 ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយ‌ការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។

23 ខ្ញុំយល់ឃើញថាគំនិតនោះល្អ ខ្ញុំក៏ចាត់មនុស្សដប់‌ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុល‌សម្ព័ន្ធមួយឲ្យទៅ។

24 ពួកគេក៏នាំគ្នាចេញដំណើរតម្រង់ទៅតំបន់ភ្នំ រហូតដល់ជ្រលងភ្នំអែស‌កុល រួចពិនិត្យមើលស្រុក។

25 ពួកគេបាននាំយកផ្លែឈើពីស្រុកនោះមកបង្ហាញពួកយើង និងរាយ‌ការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលព្រះ‌អម្ចាស់ជាព្រះនៃយើង ប្រទានមកយើង ជាស្រុកល្អណាស់”។

26 ក៏ប៉ុន្តែ អ្នករាល់គ្នាពុំព្រមឡើងទៅស្រុកនោះទេ អ្នករាល់គ្នាបះ‌បោរប្រឆាំងនឹងបញ្ជារបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា

27 អ្នករាល់គ្នារអ៊ូ‌រទាំក្នុងតង់ត៍របស់អ្នករាល់គ្នា ដោយពោលថា “ព្រះ‌អម្ចាស់ស្អប់ពួកយើងហើយ បានជាព្រះ‌អង្គនាំពួកយើងចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ជន‌ជាតិអាម៉ូរី និងកម្ទេចពួកយើង។

28 តើឲ្យយើងខ្ញុំឡើងទៅណា? ពួកយើងគ្មានទឹកចិត្តនឹងឡើងទៅស្រុកនោះទេ ដ្បិតបង‌ប្អូនរបស់យើងខ្ញុំរាយ‌ការណ៍ប្រាប់ពួកយើង ថាប្រជា‌ជននៅស្រុកនោះខ្លាំងពូកែ ហើយមានមាឌធំជាងពួកយើង។ រីឯក្រុងរបស់ពួកគេជាក្រុងធំៗ និងមានកំពែងខ្ពស់កប់ពពក។ ពួកយើងក៏បានឃើញកូនចៅអណាក់ នៅស្រុកនោះដែរ”។

29 ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “កុំភ័យតក់‌ស្លុត ហើយកុំខ្លាចពួកគេឡើយ។

30 ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យាងនៅមុខអ្នករាល់គ្នា ព្រះ‌អង្គនឹងប្រយុទ្ធដើម្បីអ្នករាល់គ្នា ដូចព្រះ‌អង្គបានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។

31 ក្រោយមក នៅវាលរហោ‌ស្ថាន តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើររហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក បីអ្នក ដូចឪពុកបីកូន។

32 ប៉ុន្តែ នៅគ្រានោះ អ្នករាល់គ្នាពុំបានទុកចិត្តលើព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នាទេ

33 ថ្វី‌ដ្បិតតែព្រះ‌អង្គយាងនៅមុខអ្នករាល់គ្នា ដើម្បីរកកន្លែងឲ្យអ្នករាល់គ្នាបោះជំរំ។ ព្រះ‌អង្គនាំមុខអ្នករាល់គ្នាក្នុងដុំភ្លើង ដើម្បីបំភ្លឺផ្លូវដែលអ្នករាល់គ្នាត្រូវដើរនៅពេលយប់ ហើយព្រះ‌អង្គនាំមុខអ្នករាល់គ្នាក្នុងដុំពពក* នៅពេលថ្ងៃ”។

34 ពេលឮពាក្យអ្នករាល់គ្នារអ៊ូ‌រទាំព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធ ហើយមានព្រះ‌បន្ទូលយ៉ាងម៉ឺង‌ម៉ាត់ថា:

35 “ក្នុងចំណោមមនុស្សដ៏អាក្រក់នៅជំនាន់នេះ គ្មាននរណាម្នាក់អាចឃើញស្រុកដ៏ល្អ ដែលយើងបានសន្យាយ៉ាងម៉ឺង‌ម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នាឡើយ

36 លើក‌លែងតែកាលែប ជាកូនរបស់យេភូ‌នេ។ កាលែបនឹងឃើញស្រុក ហើយយើងប្រគល់ស្រុកដែលគាត់បានដើរកាត់នោះឲ្យគាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានដើរតាមព្រះ‌អម្ចាស់ឥតល្អៀងត្រង់ណាឡើយ”។

37 ព្រោះតែអ្នករាល់គ្នាព្រះ‌អម្ចាស់ក៏ទ្រង់ព្រះ‌ពិរោធនឹងខ្ញុំ ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា “សូម្បីតែអ្នកក៏មិនចូលទៅស្រុកនោះដែរ។

38 សហការីរបស់អ្នក គឺយ៉ូស្វេ ជាកូនរបស់នូន នឹងចូលទៅក្នុងស្រុក។ ដូច្នេះ ចូរពង្រឹងកម្លាំងរបស់គាត់ ព្រោះគាត់នឹងនាំជន‌ជាតិអ៊ីស្រា‌អែលចូលទៅកាន់កាប់ស្រុក ដែលជាចំណែកមត៌ករបស់ពួកគេ។

39 រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា ពួកគេមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង កូនរបស់អ្នករាល់គ្នាដែលសព្វថ្ងៃពុំទាន់ស្គាល់ការអាក្រក់ ឬល្អនៅឡើយ គឺពួកគេហើយដែលចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកឲ្យពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។

40 ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោ‌ស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។

41 ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះ‌ហឫទ័យព្រះ‌អម្ចាស់ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំ បានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។

42 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា “ចូរប្រាប់ពួកគេកុំឲ្យឡើងទៅវាយយកស្រុកនោះឡើយ ដ្បិតយើងមិនស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេ ខ្មាំងសត្រូវមុខជាវាយអ្នករាល់គ្នាឲ្យបរា‌ជ័យមិនខាន”។

43 ខ្ញុំបានប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំស្ដាប់ឡើយ អ្នករាល់គ្នាបះ‌បោរប្រឆាំងនឹងបញ្ជារបស់ព្រះ‌អម្ចាស់ហើយនាំគ្នាឡើងទៅលើភ្នំដោយអួត‌អាង។

44 ពេលនោះ ជន‌ជាតិអាម៉ូរីដែលរស់នៅលើភ្នំ លើកទ័ពចេញមកតទល់នឹងអ្នករាល់គ្នា ហើយដេញតាមអ្នករាល់គ្នា ដូចឃ្មុំដេញទិច។ ពួកគេកម្ទេចអ្នករាល់គ្នានៅតំបន់ភ្នំសៀរ ហើយដេញតាមអ្នករាល់គ្នារហូតដល់ហោម៉ា។

45 ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំសោកនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ប៉ុន្តែ ព្រះ‌អង្គពុំបានផ្ទៀងព្រះ‌កាណ៌ស្ដាប់អ្នករាល់គ្នាទេ។

46 អ្នករាល់គ្នាក៏រស់នៅត្រង់កាដេសនោះអស់រយៈពេលជាយូរថ្ងៃ។