ជន‌គណនា 32

កុល‌សម្ព័ន្ធកាដ និងរូបេន ទទួលស្រុកកាឡាដជាមត៌ក

1 កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសំបើមណាស់។ ដោយឃើញថាស្រុកយ៉ា‌ស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ

2 កូនចៅកាដ និងកូនចៅរូបេន នាំគ្នាមកជម្រាបលោកម៉ូសេ បូជា‌ចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ដូចតទៅ៖

3 «ក្រុងអាថា‌រ៉ូត ឌីបូន យ៉ា‌ស៊ើរ នីមរ៉ា ហែស‌បូន អេឡា‌លេ សេបាំ នេបូ និងបេអូន

4 នៅក្នុងស្រុកដែលព្រះ‌អម្ចាស់វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រា‌អែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។

5 ពួកគេពោលទៀតថា៖ «ប្រសិនបើលោកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។

6 លោកម៉ូសេឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបង‌ប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរឲ្យអ្នករាល់គ្នាសំងំនៅទីនេះឬ?

7 ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជន‌ជាតិអ៊ីស្រា‌អែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះ‌អម្ចាស់ប្រទានមកពួកគេ?

8 ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលខ្ញុំចាត់ពួកគេ ពីកាដេស-‌បារនាឲ្យទៅពិនិត្យមើលស្រុកដែរ។

9 ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេស‌កុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជន‌ជាតិអ៊ីស្រា‌អែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះ‌អម្ចាស់ប្រទានមកពួកគេ។

10 នៅថ្ងៃនោះព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធ ហើយមានព្រះ‌បន្ទូលយ៉ាងម៉ឺងម៉ាត់ថា:

11 “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។

12 មានតែកាលែប ជាកូនរបស់យេភូ‌នេ ជាជន‌ជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះ‌អម្ចាស់ដោយចិត្តស្មោះត្រង់”។

13 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងជន‌ជាតិអ៊ីស្រា‌អែល ហើយព្រះ‌អង្គបានធ្វើឲ្យពួកគេដើរវិល‌វល់ នៅក្នុងវាលរហោ‌ស្ថាន អស់រយៈពេលសែ‌សិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ ដែលបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះ‌ហឫទ័យព្រះ‌អម្ចាស់ត្រូវបាត់បង់ជីវិតអស់។

14 ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងជន‌ជាតិអ៊ីស្រា‌អែលកាន់តែខ្លាំងឬ?

15 ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះ‌អង្គ នោះព្រះ‌អង្គនឹងបណ្ដោយឲ្យជន‌ជាតិអ៊ីស្រា‌អែលរស់នៅក្នុងវាលរហោ‌ស្ថានតទៅមុខទៀត ហើយអ្នករាល់គ្នាបណ្ដាលឲ្យប្រជា‌ជននេះត្រូវវិនាសទាំងអស់!»។

16 កូនចៅកាដ និងកូនចៅរូបេន ចូលមកជិតលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំនឹងសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ។

17 បន្ទាប់មក យើងខ្ញុំប្រញាប់‌ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធ ដើរនៅមុខអ៊ីស្រា‌អែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹង‌មាំ ការពារមិនឲ្យអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។

18 រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលជន‌ជាតិអ៊ីស្រា‌អែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។

19 បើយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ទុកជាចំណែកមត៌ក យើងខ្ញុំនឹងមិនទទួលទឹកដីនៅខាងលិចទន្លេយ័រដាន់ ទុកជាមត៌ករបស់យើងខ្ញុំទេ»។

20 លោកម៉ូសេមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់

21 ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់រហូតទាល់តែព្រះ‌អង្គបណ្ដេញខ្មាំងសត្រូវចេញពីទឹកដីនោះ

22 ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលយើងយកស្រុកមកថ្វាយព្រះ‌អម្ចាស់បាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះព្រះ‌អម្ចាស់និងចំពោះជន‌ជាតិអ៊ីស្រា‌អែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។

23 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្ដីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាស់នឹងព្រះ‌ហឫទ័យព្រះ‌អម្ចាស់ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។

24 ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងសង់របងវាលស្មៅសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។

25 កូនចៅកាដ និងកូនចៅរូបេន ជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំប្របាទនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។

26 យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ

27 ហើយយើងខ្ញុំនឹងរៀប‌ចំខ្លួនជាកង‌ទ័ព ទៅធ្វើសឹកនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់តាមប្រសាសន៍របស់លោកម្ចាស់»។

28 លោកម៉ូសេបានចេញបញ្ជាទៅបូជា‌ចារ្យអេឡាសារ លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរនានានៃកុល‌សម្ព័ន្ធរបស់ជន‌ជាតិអ៊ីស្រា‌អែល ស្ដីអំពីកុល‌សម្ព័ន្ធកាដ និងកុល‌សម្ព័ន្ធរូបេន។

29 លោកមានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ពេលណាអ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។

30 ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនប្រដាប់អាវុធទៅជាមួយអ្នករាល់គ្នាទេ ចូរឲ្យពួកគេតាំងទីលំ‌នៅ ក្នុងស្រុកកាណានជាមួយអ្នករាល់គ្នា»។

31 កូនចៅកាដ និងកូនចៅរូបេន ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមសេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកយើងខ្ញុំ។

32 យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់តែសូមឲ្យយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក»។

33 លោកម៉ូសេក៏ប្រគល់នគររបស់ព្រះ‌បាទស៊ីហុន ជាស្ដេចរបស់ជន‌ជាតិអាម៉ូរី នគររបស់ព្រះ‌បាទអុក ជាស្ដេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំ‌វិញ ឲ្យកុល‌សម្ព័ន្ធកាដ កុល‌សម្ព័ន្ធរូបេន និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល ដែលជាពូជ‌ពង្សរបស់លោកយ៉ូសែប។

34 កូនចៅកាដបានសង់ក្រុងឌីបូន អាថា‌រ៉ូត អារ៉ូ‌អ៊ើរ

35 អាត្រូត-‌សូផាន យ៉ា‌ស៊ើរ យ៉ុក‌បិហា

36 បេត‌នីមរ៉ា និងបេត-‌ហារ៉ន ដែលសុទ្ធ‌សឹងជាក្រុងមានកំពែងរឹង‌មាំ និងវាលស្មៅសម្រាប់ឲ្យហ្វូងសត្វរកស៊ី។

37 កូនចៅរូបេនបានសង់ក្រុងហែស‌បូន អេឡា‌លេ គារយ៉ា‌ថែម

38 នេបូ និងបាល-‌មេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។

39 ពូជ‌ពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណា‌សេ វាយលុកស្រុកកាឡាដ ហើយដណ្ដើមយកបានទឹកដី និងដេញជន‌ជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។

40 លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យពូជ‌ពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណា‌សេ ហើយពួកគេក៏តាំងទីលំ‌នៅក្នុងស្រុកនោះ។

41 ពូជ‌ពង្សលោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណា‌សេ បានវាយលុកភូមិនានា ហើយដាក់ឈ្មោះភូមិទាំងនោះថាហាវ៉ុត-‌យ៉ាអៀរ។

42 លោកណូបាសបានវាយលុកក្រុងកេណាត និងស្រុកភូមិនៅជុំ‌វិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបាស តាមឈ្មោះរបស់គាត់។