ជន‌គណនា 31

ជ័យ‌ជំនះលើជន‌ជាតិម៉ាឌាន

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «ចូរវាយប្រហារជន‌ជាតិម៉ាឌាន ដើម្បីសង‌សឹកឲ្យជន‌ជាតិអ៊ីស្រា‌អែល។ បន្ទាប់មក អ្នកនឹងចែកស្ថានទៅជួប‌ជុំជាមួយដូនតារបស់អ្នក»។

3 លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជា‌ជនថា៖ «ចូរឲ្យអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារៀបចំខ្លួនប្រដាប់អាវុធ ចេញទៅវាយប្រហារជន‌ជាតិម៉ាឌាន ដើម្បីសង‌សឹកនឹងពួកគេ ក្នុងនាមព្រះ‌អម្ចាស់។

4 ក្នុងកុល‌សម្ព័ន្ធនីមួយៗនៃជន‌ជាតិអ៊ីស្រា‌អែល ត្រូវចាត់ពលទាហានមួយពាន់នាក់។

5 ត្រូវជ្រើសរើសទាហានមួយពាន់នាក់ពីកុល‌សម្ព័ន្ធនីមួយៗ ក្នុងកង‌ពលអ៊ីស្រា‌អែល គឺកង‌ទ័ពទាំងមូល មានទាហានមួយម៉ឺនពីរពាន់នាក់»។

6 លោកម៉ូសេចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់បូជា‌ចារ្យភីនេ‌ហាស ជាកូនរបស់លោកអេឡាសារ ជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។

7 ពួកគេលើកទ័ពទៅវាយប្រហារជន‌ជាតិម៉ាឌាន តាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកគេប្រហារជីវិតប្រុសៗទាំងអស់។

8 ក្នុងពេលនោះ ពួកគេបានប្រហារស្ដេចម៉ាឌានទាំងប្រាំ គឺស្ដេចអេវី ស្ដេចរេគេម ស្ដេចស៊ើរ ស្ដេចហើរ និងស្ដេចរេបា ហើយគេក៏បានសម្លាប់លោកបាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។

9 កង‌ទ័ពអ៊ីស្រា‌អែលបាននាំយកស្ត្រីរបស់ជន‌ជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។

10 កង‌ទ័ពអ៊ីស្រា‌អែលដុតកម្ទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជន‌ជាតិម៉ាឌាន។

11 បន្ទាប់មក ពួកគេប្រមូលជយ‌ភ័ណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្ស ទាំងសត្វ

12 ហើយនាំឈ្លើយសឹក និងជយ‌ភ័ណ្ឌដែលពួកគេរឹបអូសបាន មកជូនលោកម៉ូសេ បូជា‌ចារ្យអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រា‌អែលទាំងមូល ដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។

13 លោកម៉ូសេ បូជា‌ចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។

14 លោកម៉ូសេខឹងនឹងពួកមេ‌ទ័ព ពួកមេបញ្ជាការកង‌ពលធំ និងពួកមេបញ្ជាការកង‌ពលតូច ដែលវិលមកពីច្បាំងនោះ។

15 លោកមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ?

16 គឺស្ត្រីទាំងនេះហើយដែលបានធ្វើតាមពាក្យលោកបាឡាម និងទាក់‌ទាញអ៊ីស្រា‌អែលឲ្យក្បត់ចិត្តព្រះ‌អម្ចាស់នៅពេអរ បណ្ដាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់ព្រះ‌អម្ចាស់។

17 ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ

18 ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្រមុំ សម្រាប់អ្នករាល់គ្នា គឺស្ត្រីដែលពុំបានរួមរស់ជាមួយបុរសណានៅឡើយ។

19 ចំណែកឯអ្នករាល់គ្នាវិញ ចូរបោះជំរំនៅខាងក្រៅនេះ ក្នុងរយៈពេលប្រាំ‌ពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលបានសម្លាប់នរណាម្នាក់ ឬអស់អ្នកដែលបានប៉ះ‌ពាល់សាក‌សព ត្រូវធ្វើពិធីជម្រះកាយនៅថ្ងៃទីបី និងថ្ងៃទីប្រាំ‌ពីរ គឺទាំងអ្នករាល់គ្នា ទាំងឈ្លើយសឹក។

20 ត្រូវធ្វើពិធីជម្រះសម្លៀក‌បំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។

21 លោកបូជា‌ចារ្យអេឡាសារមានប្រសាសន៍ទៅកាន់ពួកទាហានដែលបានចេញទៅធ្វើសឹកថា៖ «ក្នុងក្រឹត្យ‌វិន័យដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ មានចែងដូចតទៅ:

22 មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ

23 គឺវត្ថុទាំងប៉ុន្មានដែលដុតមិនឆេះ ចូរដុតជម្រះឲ្យបានបរិសុទ្ធ។ រីឯវត្ថុទាំង‌ឡាយណាដែលពុំអាចដុត ត្រូវលាងនៅក្នុងទឹកសម្រាប់ធ្វើពិធីលាងជម្រះឲ្យបរិសុទ្ធ។

24 ត្រូវលាងជម្រះសម្លៀក‌បំពាក់របស់អ្នករាល់គ្នា នៅថ្ងៃទីប្រាំ‌ពីរ នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំវិញ»។

25 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

26 «ចូរអ្នក និងបូជា‌ចារ្យអេឡាសារ ព្រមទាំងមេដឹកនាំរបស់សហគមន៍ នាំគ្នារាប់ចំនួនជយ‌ភ័ណ្ឌដែលរឹបអូសបានក្នុងសង្គ្រាម ព្រមទាំងចំនួនមនុស្ស និងសត្វ។

27 បន្ទាប់មក ចូរបែងចែកជយ‌ភ័ណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។

28 ចូរញែកជយ‌ភ័ណ្ឌ ដែលត្រូវបានជាចំណែករបស់អ្នកទៅច្បាំងមួយផ្នែក ថ្វាយព្រះ‌អម្ចាស់ពោលគឺក្នុងចំណោមមនុស្សប្រាំរយនាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងគោ ហ្វូងលា និងហ្វូងចៀមប្រាំរយក្បាល ក៏ត្រូវញែកទុកមួយក្បាលដែរ។

29 ចូរយកចំណែកដែលញែកចេញពីជយ‌ភ័ណ្ឌរបស់ពួកដែលចេញទៅច្បាំង ប្រគល់ឲ្យបូជា‌ចារ្យអេឡាសារ ទុកជាតង្វាយថ្វាយព្រះ‌អម្ចាស់។

30 រីឯជយ‌ភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រា‌អែល ត្រូវយកមួយភាគហា‌សិបពីចំនួនមនុស្ស មួយភាគហា‌សិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារ‌កិច្ចបម្រើការ‌ងារនៅក្នុងព្រះ‌ពន្លារបស់ព្រះ‌អម្ចាស់»។

31 លោកម៉ូសេ និងបូជា‌ចារ្យអេឡាសារ បានធ្វើតាមសេចក្ដីដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ។

32 ជយ‌ភ័ណ្ឌដែលកង‌ទ័ពរឹបអូសយកបាន មាននៅសល់ចៀមចំនួន ៦៧៥ ០០០ ក្បាល

33 គោ ៧២ ០០០ក្បាល

34 លាចំនួន ៦១ ០០០ ក្បាល

35 និងស្ត្រីព្រហ្មចារី ៣២ ០០០នាក់។

36 ចំនួនពាក់កណ្ដាលនៃជយ‌ភ័ណ្ឌនេះបានទៅលើពួកទាហានដែលចេញទៅច្បាំង គឺ ចៀម ៣៣៧ ៥០០ ក្បាល

37 ក្នុងចំនួននេះ ៦៧៥ក្បាលថ្វាយព្រះ‌អម្ចាស់

38 គោ ៣៦ ០០០ ក្បាល ក្នុងចំនួននេះ ៧២ក្បាលថ្វាយព្រះ‌អម្ចាស់

39 លា ៣០ ៥០០ ក្បាល ក្នុងចំនួននេះ ៦១ក្បាលថ្វាយព្រះ‌អម្ចាស់

40 និងមនុស្ស ១៦ ០០០ នាក់ ក្នុងចំនួននេះ ៣២ នាក់ថ្វាយព្រះ‌អម្ចាស់។

41 លោកម៉ូសេប្រគល់ជយ‌ភ័ណ្ឌដែលញែកជាតង្វាយរបស់ព្រះ‌អម្ចាស់ទៅបូជា‌ចារ្យអេឡាសារ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានបង្គាប់មកលោក។

42 រីឯជយ‌ភ័ណ្ឌចំនួនពាក់កណ្ដាលទៀតដែលត្រូវបានទៅប្រជា‌ជនអ៊ីស្រា‌អែល លោកម៉ូសេញែកទុកដោយឡែកពីជយ‌ភ័ណ្ឌ ដែលត្រូវបានទៅពួកទាហាន។

43 ជយ‌ភ័ណ្ឌនេះត្រូវបានជាចំណែករបស់សហគមន៍ គឺចៀម ៣៣៧ ៥០០ ក្បាល

44 គោ ៣៦ ០០០ ក្បាល

45 លា ៣០ ៥០០ ក្បាល

46 និងមនុស្ស ១៦ ០០០ នាក់។

47 ក្នុងចំនួនពាក់កណ្ដាលនៃជយ‌ភ័ណ្ឌដែលត្រូវបានទៅប្រជា‌ជនអ៊ីស្រា‌អែលនេះ លោកម៉ូសេយកមនុស្សម្នាក់ ឬសត្វមួយក្បាល ពីចំណោមមនុស្ស ឬសត្វហា‌សិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារ‌កិច្ចបម្រើការ‌ងារព្រះ‌ពន្លារបស់ព្រះ‌អម្ចាស់ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបង្គាប់មកលោក។

48 ពួកមេ‌ទ័ព មេបញ្ជាការកង‌ពលធំ និងមេបញ្ជាការកង‌ពលតូច នាំគ្នាចូលមកជិតលោកម៉ូសេ

49 ជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។

50 យើងខ្ញុំសូមយកគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែ‌ក ខ្សែដៃ ចិញ្ចៀន ក្រវិល និងបន្តោងខ្សែ‌ក មកថ្វាយព្រះ‌អម្ចាស់ទុកជាតង្វាយរំដោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ»។

51 លោកម៉ូសេ និងបូជា‌ចារ្យអេឡាសារ ក៏ទទួលយកគ្រឿងអលង្ការធ្វើពីមាសទាំងនោះពីពួកគេ។

52 មាសដែលពួកមេបញ្ជាការកង‌ពលធំ និងមេបញ្ជាការកង‌ពលតូច យកមកថ្វាយព្រះ‌អម្ចាស់មានទម្ងន់ទាំងអស់ប្រាំពាន់ចិត‌សិបប្រាំតម្លឹង។

53 រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជយ‌ភ័ណ្ឌទុកសម្រាប់ខ្លួនឯងផ្ទាល់។

54 លោកម៉ូសេ និងបូជា‌ចារ្យអេឡាសារ បានទទួលមាសរបស់ពួកមេបញ្ជាការកង‌ពលធំ និងមេបញ្ជាការកង‌ពលតូច យកទៅដាក់នៅក្នុងពន្លាជួបព្រះ‌អម្ចាស់ ទុកជាទីរំឭករបស់ជន‌ជាតិអ៊ីស្រា‌អែល នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ។