ជន‌គណនា 28

យញ្ញ‌បូជាប្រចាំថ្ងៃ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «ចូរបង្គាប់កូនចៅអ៊ីស្រា‌អែលដូចតទៅ: អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់នាំយកតង្វាយ និងអាហារសម្រាប់ដុតមកថ្វាយព្រះ‌អម្ចាស់ឲ្យបានតាមពេលកំណត់ គឺតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ។

3 រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរដែលមានអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយព្រះ‌អម្ចាស់ជាតង្វាយដុតទាំងមូល។ តង្វាយដុតទាំងមូលនេះជាតង្វាយដែលត្រូវថ្វាយជា‌និច្ចនិរន្តរ៍តរៀងទៅ។

4 ចូរថ្វាយកូនចៀមមួយនៅពេលព្រឹក កូនចៀមមួយទៀតនៅពេលល្ងាច។

5 ត្រូវយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយផង។

6 នេះជាតង្វាយដុតជា‌និច្ចនិរន្តរ៍ដែលគេថ្វាយនៅលើភ្នំស៊ីណៃ គឺជាតង្វាយដុតទាំងមូលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

7 ត្រូវយកស្រាមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួច‌ស្រាថ្វាយព្រះ‌អម្ចាស់នៅក្នុងទី‌សក្ការៈ។

8 ចូរថ្វាយកូនចៀមទីពីរនៅពេលល្ងាច ជាមួយតង្វាយម្សៅ ប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់»។

យញ្ញ‌បូជានៅថ្ងៃសប្ប័ទ

9 «នៅថ្ងៃសប្ប័ទ* អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា* លាយជាមួយប្រេង និងស្រាសម្រាប់ធ្វើពិធីច្រួច។

10 រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និងស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។

យញ្ញ‌បូជាប្រចាំខែ

11 «នៅដើមខែ ត្រូវយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំ‌ពីរ មកថ្វាយព្រះ‌អម្ចាស់ជាតង្វាយដុតទាំងមូល។

12 គោនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង។ ចៀមឈ្មោលត្រូវថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា លាយជាមួយប្រេង។

13 កូនចៀមនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

14 រីឯស្រាសម្រាប់ធ្វើពិធីច្រួច ត្រូវថ្វាយស្រាទំពាំង‌បាយជូរកន្លះហ៊ីន*សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។

15 លើសពីនេះ ត្រូវថ្វាយពពែឈ្មោលមួយទៀតជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជា‌និច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។

យញ្ញ‌បូជាសម្រាប់ពិធីបុណ្យចម្លង

16 «នៅថ្ងៃទីដប់‌បួនក្នុងខែទីមួយ ជាថ្ងៃបុណ្យចម្លង*របស់ព្រះ‌អម្ចាស់។

17 ថ្ងៃទីដប់ប្រាំក្នុងខែនោះ ជាថ្ងៃផ្ដើមបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ក្នុងអំឡុងពេលប្រាំ‌ពីរថ្ងៃ។

18 នៅថ្ងៃទីមួយនៃពិធីបុណ្យ ត្រូវជួប‌ជុំគ្នាថ្វាយ‌បង្គំព្រះ‌អម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយ‌ហត់ឡើយ។

19 ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំ‌ពីរ មកថ្វាយព្រះ‌អម្ចាស់ជាតង្វាយដុតទាំងមូល។

20 ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង សម្រាប់គោមួយ ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោលមួយ

21 មួយភាគដប់នៃអេផា សម្រាប់កូនចៀមមួយ។

22 ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។

23 ត្រូវថ្វាយសត្វទាំងនេះជាយញ្ញ‌បូជាថែមពីលើតង្វាយដុតជា‌និច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាថ្វាយនៅពេលព្រឹក។

24 រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំ‌ពីរថ្ងៃ ចូរយកអាហារទាំងនោះមកដុត ថ្វាយជាយញ្ញ‌បូជា ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ ត្រូវថ្វាយតង្វាយនេះថែមពីលើតង្វាយដុតជា‌និច្ចនិរន្តរ៍ និងស្រា ដែលត្រូវច្រួចជាមួយ។

25 នៅថ្ងៃទីប្រាំ‌ពីរនៃពិធីបុណ្យ ត្រូវជួប‌ជុំគ្នាថ្វាយ‌បង្គំព្រះ‌អម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយ‌ហត់ឡើយ»។

យញ្ញ‌បូជាសម្រាប់បុណ្យថ្ងៃទីហា‌សិប

26 «នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកថ្វាយព្រះ‌អម្ចាស់ក្នុងឱកាសបុណ្យថ្ងៃទីហា‌សិប ត្រូវជួប‌ជុំគ្នាថ្វាយ‌បង្គំព្រះ‌អម្ចាស់ គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយ‌ហត់ឡើយ។

27 ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំ‌ពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។

28 ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ

29 ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោល និងមួយភាគដប់នៃអេផាសម្រាប់កូនចៀមនីមួយៗក្នុងចំណោមកូនចៀមទាំងប្រាំ‌ពីរ។

30 ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយ ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។

31 ត្រូវថ្វាយយញ្ញ‌បូជាទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើតង្វាយដុតជា‌និច្ចនិរន្តរ៍ និងតង្វាយម្សៅ ដែលត្រូវថ្វាយជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកថ្វាយ»។