ជន‌គណនា 25

ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាថ្វាយ‌បង្គំព្រះក្លែង‌ក្លាយនៅវាលទំនាបស្រុកម៉ូអាប់

1 ជន‌ជាតិអ៊ីស្រា‌អែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះ ប្រជា‌ជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។

2 ស្ត្រីទាំងនោះបបួលប្រជា‌ជនឲ្យទៅចូលរួមក្នុងពិធីថ្វាយយញ្ញ‌បូជា ដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់‌លៀង ហើយថ្វាយ‌បង្គំព្រះទាំងនោះ។

3 ប្រជា‌ជនអ៊ីស្រា‌អែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាល‌ពេអ៊រ ជាហេតុបណ្ដាលឲ្យព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធទាស់នឹងពួកគេ។

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជា‌ជនមក ហើយព្យួរ-កពួកគេហាលថ្ងៃនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ដើម្បីពង្វាងព្រះ‌ពិរោធរបស់ព្រះ‌អម្ចាស់ចេញពីជន‌ជាតិអ៊ីស្រា‌អែល»។

5 លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅ‌ក្រមនៃជនអ៊ីស្រា‌អែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាល‌ពេអ៊រទៅ!»។

6 ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រា‌អែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបង‌ប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រា‌អែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់។

7 ឃើញដូច្នេះ លោកភីនេ‌ហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជា‌ចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។

8 គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រា‌អែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល ក៏ស្ងប់ទៅវិញ។

9 គ្រោះកាចនេះបណ្ដាលឲ្យមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។

10 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

11 «ភីនេ‌ហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជា‌ចារ្យអើរ៉ុន បានសម្តែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រា‌អែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រា‌អែលក្បត់ចិត្តយើងក្ដី ក៏យើងពុំបានប្រល័យពួកគេឲ្យវិនាសសូន្យដែរ ព្រោះភីនេ‌ហាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។

12 ហេតុនេះ ចូរប្រាប់ភីនេ‌ហាសថាយើងនឹងចងសម្ពន្ធ‌មេត្រីជាមួយគេ គឺសម្ពន្ធ‌មេត្រីដែលផ្ដល់សន្តិ‌ភាព។

13 តាមរយៈសម្ពន្ធ‌មេត្រីនេះ យើងតែង‌តាំងភីនេ‌ហាស និងពូជ‌ពង្សរបស់គេ ឲ្យបំពេញមុខ‌ងារជាបូជា‌ចារ្យរហូតតទៅ ព្រោះភីនេ‌ហាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យជន‌ជាតិអ៊ីស្រា‌អែលរួចពីបាបផង»។

14 បុរសអ៊ីស្រា‌អែល ដែលលោកភីនេ‌ហាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូវ និងជាមេដឹកនាំរបស់អំបូរមួយនៃកុល‌សម្ព័ន្ធស៊ីម្មាន។

15 រីឯស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវលោកភីនេ‌ហាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកស៊ើរ ដែលជាមេ‌កន្ទ្រាញនៃអំបូរមួយរបស់ជន‌ជាតិម៉ាឌាន។

16 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

17 «ចូរចាត់ទុកជន‌ជាតិម៉ាឌានជាបច្ចា‌មិត្ត ហើយវាយប្រហារពួកគេទៅ

18 ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាឲ្យវង្វេង ក្នុងព្រឹត្តិ‌ការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។