ជន‌គណនា 17

ដំបងរបស់លោកអើរ៉ុន

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «ចូរបង្គាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យប្រាប់មេដឹកនាំកុល‌សម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់‌ពីរ តាមចំនួនកុល‌សម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុល‌សម្ព័ន្ធរបស់ពួកគេលើដំបងនោះ។

3 ចូរចារឈ្មោះអើរ៉ុនលើដំបងរបស់កុល‌សម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុល‌សម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។

4 ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិ‌សញ្ញា ក្នុងពន្លាជួបព្រះ‌អម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។

5 ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជន‌ជាតិអ៊ីស្រា‌អែល លែងឲ្យរអ៊ូ‌រទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។

6 លោកម៉ូសេនាំព្រះ‌បន្ទូលនេះទៅប្រាប់ជន‌ជាតិអ៊ីស្រា‌អែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់‌ពីរ តាមចំនួនកុល‌សម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។

7 លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ក្នុងពន្លានៃសន្ធិ‌សញ្ញា។

8 នៅថ្ងៃបន្ទាប់ ពេលលោកម៉ូសេចូលទៅក្នុងពន្លានៃសន្ធិ‌សញ្ញា លោកឃើញដំបងរបស់លោកអើរ៉ុន ដែលជាតំណាងកុល‌សម្ព័ន្ធលេវី មានពន្លក ចេញផ្កា ហើយមានទាំងផ្លែទៀតផង។

9 លោកម៉ូសេយកដំបងទាំងនោះចេញពីព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ទៅបង្ហាញជន‌ជាតិអ៊ីស្រា‌អែល ហើយពួកគេយកដំបងរបស់ខ្លួនវិញ។

10 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរបស់អើរ៉ុនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិ‌សញ្ញា រក្សាទុកជាទីសម្គាល់ព្រមានពួកបះ‌បោរ ដើម្បីបញ្ឈប់ពួកគេឲ្យលែងរអ៊ូ‌រទាំ ហើយកុំឲ្យពួកគេត្រូវស្លាប់»។

11 លោកម៉ូសេធ្វើតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បង្គាប់មកលោក។

12 ជន‌ជាតិអ៊ីស្រា‌អែលពោលទៅកាន់លោកម៉ូសេថា៖ «យើងខ្ញុំមុខជាផុតដង្ហើម វិនាសសូន្យទាំងអស់គ្នាមិនខាន!

13 ដ្បិតអ្នកដែលចូលជិតព្រះ‌ពន្លារបស់ព្រះ‌អម្ចាស់នឹងត្រូវស្លាប់។ តើយើងខ្ញុំនឹងត្រូវស្លាប់ទាំងអស់គ្នាឬ?»។