ចៅហ្វាយ 21

ការកកើតឡើងវិញនៃកុល‌សម្ព័ន្ធបេន‌យ៉ាមីន

1 ជន‌ជាតិអ៊ីស្រា‌អែលបានជួប‌ជុំគ្នានៅមីស‌ប៉ា ហើយស្បថថា៖ «ក្នុងចំណោមពួកយើង មិនត្រូវឲ្យនរណាម្នាក់លើកកូនស្រីខ្លួនទៅឲ្យពួកបេន‌យ៉ាមីន ធ្វើជាប្រពន្ធឡើយ»។

2 ប្រជា‌ជនអ៊ីស្រា‌អែលចេញទៅបេត‌អែល ហើយអង្គុយនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់ រហូតដល់ល្ងាច ពួកគេយំសោកសង្រេងយ៉ាងខ្លាំង។

3 គេទូលព្រះ‌អង្គថា៖ «ឱព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែលអើយ! ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងចំពោះជន‌ជាតិអ៊ីស្រា‌អែល? ហេតុអ្វីបានជាថ្ងៃនេះជន‌ជាតិអ៊ីស្រា‌អែលត្រូវបាត់បង់កុល‌សម្ព័ន្ធមួយ?»។

4 ស្អែកឡើង ប្រជា‌ជននាំគ្នាក្រោកឡើងពីព្រលឹម ពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញ‌បូជាមេត្រីភាព។

5 បន្ទាប់មក ជន‌ជាតិអ៊ីស្រា‌អែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុល‌សម្ព័ន្ធអ៊ីស្រា‌អែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់នៅមីស‌ប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡា‌រិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីស‌ប៉ានឹងត្រូវស្លាប់។

6 ម្យ៉ាងទៀត ជន‌ជាតិអ៊ីស្រា‌អែលស្ដាយកុល‌សម្ព័ន្ធបេន‌យ៉ាមីន ដែលជាបង‌ប្អូនរបស់ពួកគេ ហើយនិយាយថា៖ «ថ្ងៃនេះ ជន‌ជាតិអ៊ីស្រា‌អែលកំពុងតែបាត់កុល‌សម្ព័ន្ធមួយ។

7 តើយើងត្រូវធ្វើដូចម្ដេច ដើម្បីរកប្រពន្ធឲ្យពួកបេន‌យ៉ាមីនដែលនៅរស់ ដ្បិតយើងបានស្បថក្នុងព្រះ‌នាមព្រះ‌អម្ចាស់ថាមិនលើកកូនស្រីរបស់យើងទៅឲ្យពួកគេធ្វើជាប្រពន្ធឡើយ»។

8 គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុល‌សម្ព័ន្ធអ៊ីស្រា‌អែលមិនបានមកថ្វាយ‌បង្គំព្រះ‌អម្ចាស់នៅមីស‌ប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដ មកបោះជំរំរួមជាមួយអង្គប្រជុំឡើយ

9 ដ្បិតនៅពេលរាប់ចំនួនប្រជា‌ជនដែលចូលរួមនោះ គេពុំឃើញមាននរណាម្នាក់មកពីភូមិយ៉ាបេសទាល់តែសោះ។

10 ដូច្នេះ អង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេស ដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេស ក្នុងស្រុកកាឡាដ ដោយមុខដាវ រួមទាំងស្ត្រី និងក្មេងៗផង។

11 ត្រូវធ្វើដូចតទៅ គឺសម្លាប់ប្រុសៗទាំងអស់ និងស្ត្រីដែលមានប្ដីរួចហើយទាំងអស់ដែរ»។

12 ក្នុងចំណោមប្រជា‌ជនភូមិយ៉ាបេស គេឃើញមានស្ត្រីក្រមុំព្រហ្មចារីចំនួនបួនរយនាក់។ ពួកគេក៏នាំស្ត្រីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។

13 បន្ទាប់មក សហគមន៍ទាំងមូលបានចាត់អ្នកនាំពាក្យ ឲ្យទៅនិយាយជាមួយកូនចៅបេន‌យ៉ាមីន ដែលភៀសខ្លួនទៅនៅត្រង់ផ្ទាំងថ្មរីម៉ូន នោះថា អ៊ីស្រា‌អែលលើក‌លែងទោសឲ្យពួកគេហើយ។

14 នៅគ្រានោះ ពួកបេន‌យ៉ាមីនក៏នាំគ្នាវិលត្រឡប់មកទីលំ‌នៅរបស់គេវិញ ហើយជន‌ជាតិអ៊ីស្រា‌អែលបានប្រគល់ស្ត្រីនៅភូមិយ៉ាបេស ដែលគេមិនបានសម្លាប់ ឲ្យពួកបេន‌យ៉ាមីនធ្វើជាប្រពន្ធ។ ប៉ុន្តែ ស្ត្រីទាំងនោះមានចំនួនមិនគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នាទេ។

15 ជន‌ជាតិអ៊ីស្រា‌អែលស្ដាយកុល‌សម្ព័ន្ធបេន‌យ៉ាមីនណាស់ ព្រោះព្រះ‌អម្ចាស់បានបំបាត់ពួកគេពីក្នុងចំណោមកុល‌សម្ព័ន្ធអ៊ីស្រា‌អែល។

16 ពេលនោះ អស់លោកព្រឹទ្ធា‌ចារ្យនៃសហគមន៍មានប្រសាសន៍ថា៖ «តើយើងត្រូវធ្វើដូចម្ដេច ដើម្បីឲ្យពួកបេន‌យ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុល‌សម្ព័ន្ធបេន‌យ៉ាមីនស្លាប់អស់ទៅហើយ?

17 ពួកបេន‌យ៉ាមីនត្រូវតែបន្តពូជ‌ពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុល‌សម្ព័ន្ធមួយរបស់ជន‌ជាតិអ៊ីស្រា‌អែលរលាយសូន្យឡើយ។

18 ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពី‌ព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកបេន‌យ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា”»។

19 អស់លោកទាំងនោះពោលទៀតថា៖ «រៀងរាល់ឆ្នាំ យើងតែងប្រារព្ធពិធីបុណ្យមួយថ្វាយព្រះ‌អម្ចាស់នៅស៊ីឡូ» (ស៊ីឡូស្ថិតនៅខាងជើងបេត‌អែល នៅខាងត្បូងលេបូ‌ណា និងនៅខាងកើតផ្លូវដែលភ្ជាប់បេត‌អែលទៅស៊ីគែម)។

20 ពួកគេបញ្ជាកូនចៅបេន‌យ៉ាមីនថា៖ «ចូរអ្នករាល់គ្នាទៅលាក់ខ្លួននៅក្នុងចម្ការទំពាំង‌បាយជូរ

21 ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចម្ការទំពាំង‌បាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗ នាំយកទៅក្នុងទឹកដីបេន‌យ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។

22 ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្ដឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុ‌គ្រោះពួកបេន‌យ៉ាមីនផង ពី‌ព្រោះនៅពេលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម្យ៉ាងទៀត បង‌ប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បង‌ប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។

23 ពួកបេន‌យ៉ាមីនក៏ធ្វើតាម គឺពួកគេចាប់ស្ត្រីក្នុងចំណោមស្ត្រីក្រមុំ ដែលចេញមករាំនៅស៊ីឡូ គ្រប់ចំនួន ហើយនាំយកទៅជាមួយខ្លួន។ ពួកគេវិលត្រឡប់ទៅទឹកដីដែលជាមត៌ករបស់ខ្លួន ហើយកសាងក្រុងឡើងវិញ ព្រមទាំងរស់នៅទីនោះទៅ។

24 ក្នុងពេលជាមួយគ្នានោះ ជន‌ជាតិអ៊ីស្រា‌អែលឯទៀតៗក៏ចាកចេញពីជំរំ វិលត្រឡប់ទៅរកកុល‌សម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។

25 នៅគ្រានោះ ស្រុកអ៊ីស្រា‌អែលគ្មានស្ដេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។