ចៅហ្វាយ 20

ជន‌ជាតិអ៊ីស្រា‌អែលធ្វើទោសកុល‌សម្ព័ន្ធបេន‌យ៉ាមីន

1 ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិស‌ទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរ‌សេ‌បាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួប‌ជុំគ្នានៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់នៅមីស‌ប៉ា ដោយមានចិត្តគំនិតតែមួយ។

2 ពួកមេដឹកនាំនៃកុល‌សម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជា‌ជនអ៊ីស្រា‌អែល សុទ្ធតែមានវត្ត‌មានក្នុងអង្គប្រជុំនៃប្រជា‌ជនរបស់ព្រះ‌ជាម្ចាស់ គឺមានកង‌ពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។

3 កូនចៅបេន‌យ៉ាមីនបានទទួលដំណឹងថា ប្រជា‌ជនអ៊ីស្រា‌អែលលើកទ័ពមកដល់មីស‌ប៉ាហើយ។

ពេលនោះ ប្រជា‌ជនអ៊ីស្រា‌អែលសួរទៅបុរសលេវីថា៖ «ចូរនិយាយប្រាប់យើងមើល តើឧក្រិដ្ឋ‌កម្មនេះកើតឡើងយ៉ាងដូចម្ដេច»?

4 បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកបេន‌យ៉ាមីន ដើម្បីសម្រាកនៅពេលយប់។

5 យប់នោះ ស្រាប់តែពួកអ្នកក្រុងគីបៀរលើកគ្នាមកធ្វើបាបខ្ញុំ ដោយឡោម‌ព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ។ ពួកគេមានបំណងសម្លាប់ខ្ញុំ ប៉ុន្តែ នៅទីបំផុត ពួកគេបាននាំគ្នារំលោភប្រពន្ធចុងខ្ញុំ រហូតដល់នាងបាត់បង់ជីវិត។

6 ហេតុនេះហើយបានជាខ្ញុំយកសាក‌សពរបស់នាងកាប់ជាកំណាត់ៗ រួចផ្ញើទៅគ្រប់តំបន់ក្នុងទឹកដីអ៊ីស្រា‌អែល ដ្បិតពួកបេន‌យ៉ាមីនបានប្រព្រឹត្តអំពើយង់‌ឃ្នងមួយដ៏ថោកទាបបំផុតនៅស្រុកអ៊ីស្រា‌អែល។

7 ឥឡូវនេះ បង‌ប្អូនទាំងអស់គ្នាដែលជាជន‌ជាតិអ៊ីស្រា‌អែលអើយ សូមបង‌ប្អូនពិភាក្សាគ្នានៅទីនេះ ហើយធ្វើការសម្រេចចិត្តចុះ!»។

8 ប្រជា‌ជនទាំងមូលក៏ក្រោកឈរឡើង ស្រុះគ្នាដូចមនុស្សតែម្នាក់ ដោយពោលថា៖ «ក្នុងចំណោមពួកយើង គ្មាននរណាម្នាក់វិលត្រឡប់ទៅកាន់ទីលំ‌នៅរបស់ខ្លួនវិញឡើយ ទោះបីអ្នកនោះរស់នៅក្នុងជំរំក្ដី ឬក្នុងផ្ទះក្ដី។

9 យើងត្រូវប្រព្រឹត្តចំពោះអ្នកក្រុងគីបៀរដូចតទៅនេះ គឺយើងនឹងទៅវាយពួកគេ ដោយចាប់ឆ្នោត។

10 យើងត្រូវជ្រើសរើសមនុស្សមួយភាគដប់ពីក្នុងកុល‌សម្ព័ន្ធទាំងប៉ុន្មាននៃជន‌ជាតិអ៊ីស្រា‌អែល ដើម្បីឲ្យគេទទួលខុសត្រូវផ្នែកខាងរកស្បៀងអាហារសម្រាប់ពលទ័ព ដែលនឹងចេញទៅវាយពួកបេន‌យ៉ាមីននៅក្រុងគីបៀរ ដើម្បីដាក់ទណ្ឌ‌កម្មដល់ពួកគេ ចំពោះអំពើដ៏ថោកទាប ដែលគេបានប្រព្រឹត្តនៅស្រុកអ៊ីស្រា‌អែល»។

11 ដូច្នេះ ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលមានចិត្តគំនិតតែមួយ លើកគ្នាប្រឆាំងនឹងអ្នកក្រុងគីបៀរ។

12 កុល‌សម្ព័ន្ធទាំង‌ឡាយនៃជន‌ជាតិអ៊ីស្រា‌អែលបានចាត់អ្នកនាំសារឲ្យទៅគ្រប់អំបូរ ក្នុងកុល‌សម្ព័ន្ធបេន‌យ៉ាមីន សួរថា៖ «ហេតុអ្វីបានជាមានអំពើឧក្រិដ្ឋបែបនេះកើតឡើង ក្នុងចំណោមអ្នករាល់គ្នា?

13 ឥឡូវនេះ ចូរប្រគល់ជនពាលទាំងនោះនៅគីបៀរមក យើងនឹងសម្លាប់ពួកគេ ដើម្បីបោសសម្អាតអំពើអាក្រក់ ចេញពីក្នុងចំណោមប្រជា‌ជនអ៊ីស្រា‌អែល»។ ប៉ុន្តែ កូនចៅបេន‌យ៉ាមីនមិនព្រមស្ដាប់ជន‌ជាតិអ៊ីស្រា‌អែល ជាបង‌ប្អូនរបស់ខ្លួនឡើយ។

14 កូនចៅបេន‌យ៉ាមីនក៏ចេញពីក្រុងទាំងប៉ុន្មានរបស់ពួកគេ ហើយមកប្រមូលផ្ដុំគ្នានៅក្រុងគីបៀរ ដើម្បីប្រយុទ្ធតទល់នឹងជន‌ជាតិអ៊ីស្រា‌អែល។

15 នៅថ្ងៃនោះ ទាហានបេន‌យ៉ាមីនដែលគេបានកេណ្ឌមកពីក្រុងនានា ប្រដាប់ដោយដាវ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ឥតរាប់ទាហានដ៏ជំនាញៗចំនួនប្រាំ‌ពីររយនាក់ពីក្រុងគីបៀរទេ។

16 ក្នុងចំណោមពួកគេ មានទាហានដ៏ជំនាញៗចំនួនប្រាំ‌ពីររយនាក់ ដែលប្រើតែដៃឆ្វេង។ អ្នកទាំងនោះអាចប្រើដង្ហក់ចោលដុំគ្រួស សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។

17 រីឯទាហានរបស់កុល‌សម្ព័ន្ធអ៊ីស្រា‌អែលឯទៀតៗ ក្រៅពីកុល‌សម្ព័ន្ធបេន‌យ៉ាមីន មានបួនសែននាក់ដែលប្រដាប់ដោយដាវ ហើយសុទ្ធតែជាអ្នកចំបាំងដ៏ស្ទាត់ជំនាញ។

18 ពេលនោះ ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាឡើងទៅបេត‌អែល ទូលសួរព្រះ‌ជាម្ចាស់ថា៖ «ក្នុងចំណោមពួកយើង តើកុល‌សម្ព័ន្ធណាត្រូវចេញទៅវាយពួកបេន‌យ៉ាមីនមុនគេ?»។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «កុល‌សម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។

19 ជន‌ជាតិអ៊ីស្រា‌អែលក្រោកឡើងពីព្រលឹម នាំគ្នាទៅបោះទ័ពនៅទល់មុខនឹងគីបៀរ។

20 បន្ទាប់មក កង‌ទ័ពអ៊ីស្រា‌អែលចូលទៅប្រយុទ្ធនឹងបេន‌យ៉ាមីន ដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ។

21 កូនចៅបេន‌យ៉ាមីនក៏ចេញពីក្រុងគីបៀរ ហើយក្នុងថ្ងៃនោះ ពួកគេបានសម្លាប់ទាហានអ៊ីស្រា‌អែលនៅលើសមរ‌ភូមិអស់ចំនួនពីរម៉ឺនពីរពាន់នាក់។

22 ទាហានអ៊ីស្រា‌អែលក៏បានពង្រឹងទឹកចិត្តឡើងវិញ ហើយតំរៀបទ័ពនៅលើសមរ‌ភូមិដដែល។

23 បន្ទាប់មក ប្រជា‌ជនអ៊ីស្រា‌អែលក៏ចេញទៅយំសោកនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់រហូតដល់ល្ងាច ដោយទូលសួរព្រះ‌អង្គថា៖ «តើយើងខ្ញុំត្រូវប្រយុទ្ធនឹងពួកបេន‌យ៉ាមីន ជាបង‌ប្អូនរបស់យើងខ្ញុំទៀតឬទេ?»។ព្រះ‌អម្ចាស់ឆ្លើយថា៖ «ចូរឡើងទៅវាយពួកគេចុះ!»។

24 ជន‌ជាតិអ៊ីស្រា‌អែលក៏វាយលុកកូនចៅបេន‌យ៉ាមីនសាជាថ្មី។

25 នៅថ្ងៃទីពីរនេះ កូនចៅបេន‌យ៉ាមីនចេញពីក្រុងគីបៀរ មកវាយពលទាហានអ៊ីស្រា‌អែល ហើយប្រហារជីវិតពួកគេនៅលើសមរ‌ភូមិនោះ អស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់ ដែលសុទ្ធតែជាទាហានប្រដាប់ដោយដាវ។

26 ដូច្នេះ ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលនាំគ្នាឡើងទៅឯបេត‌អែល អង្គុយយំសោកនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកថ្វាយជាតង្វាយដុត*ទាំងមូល និងយញ្ញ‌បូជាមេត្រី‌ភាព*ចំពោះព្រះ‌អម្ចាស់។

27 ជន‌ជាតិអ៊ីស្រា‌អែលទូលសួរព្រះ‌អម្ចាស់ដ្បិតគ្រានោះ ហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌ជាម្ចាស់ស្ថិតនៅបេត‌អែល

28 ហើយមានលោកភីនេ‌ហាស ជាកូនរបស់លោកអេ‌ឡា‌សារ និងជាចៅរបស់លោកអើរ៉ុន ជាអ្នកបម្រើព្រះ‌អង្គនៅទីនោះ។ ជន‌ជាតិអ៊ីស្រា‌អែលទូលសួរព្រះ‌អម្ចាស់ថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកបេន‌យ៉ាមីន ជាបង‌ប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ព្រះ‌អម្ចាស់ឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។

29 ជន‌ជាតិអ៊ីស្រា‌អែលបានបង្កប់ទ័ពឆ្មក់នៅជុំ‌វិញក្រុងគីបៀរ។

30 នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅបេន‌យ៉ាមីនដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។

31 ពេលនោះ កូនចៅបេន‌យ៉ាមីនក៏ចេញមកប្រយុទ្ធនឹងប្រជា‌ជនអ៊ីស្រា‌អែល ហើយទ័ពអ៊ីស្រា‌អែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កង‌ទ័ពបេន‌យ៉ាមីនប្រហារជីវិតទាហានអ៊ីស្រា‌អែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រា‌អែលអស់ចំនួនសាម‌សិបនាក់ ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេត‌អែល និងតាមផ្លូវទៅក្រុងគីបៀរ។

32 កូនចៅបេន‌យ៉ាមីនពោលថា៖ «មើលហ្ន៎! ពួកវាបាក់ទ័ពដូចគ្រាមុនទៀតហើយ!»។ រីឯជន‌ជាតិអ៊ីស្រា‌អែលវិញ គេពោលថា៖ «យើងនាំគ្នារត់ទៅ ដើម្បីទាក់‌ទាញពួកវាចេញឲ្យឆ្ងាយពីក្រុង»។

33 បន្ទាប់មក កង‌ទ័ពអ៊ីស្រា‌អែលបានចេញពីកន្លែងរៀងៗខ្លួន មកប្រមូលផ្ដុំគ្នានៅបាល-‌តាម៉ារ រីឯទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងលាក់ខ្លួននៅត្រង់វាលទំនាបគីបៀរមកដែរ។

34 ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកង‌ទ័ពអ៊ីស្រា‌អែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះ ការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្ដើមឡើង ប៉ុន្តែ ពួកបេន‌យ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្ត‌រាយមួយកើតឡើងចំពោះពួកគេទេ។

35 ព្រះ‌អម្ចាស់បានធ្វើឲ្យបេន‌យ៉ាមីនបាក់ទ័ព ហើយនៅថ្ងៃនោះ ជន‌ជាតិអ៊ីស្រា‌អែលបានសម្លាប់ទាហានបេន‌យ៉ាមីន ដែលប្រដាប់ដោយដាវ អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់។

36 ពេលនោះ កូនចៅបេន‌យ៉ាមីនដឹងខ្លួនថា ពួកគេចាញ់ហើយ ដ្បិតនៅពេលជន‌ជាតិអ៊ីស្រា‌អែលនាំគ្នារត់នោះ គឺមកពីគេទុកចិត្តលើអន្តរា‌គមន៍របស់ទ័ពឆ្មក់ដែលបង្កប់ខ្លួន នៅជុំ‌វិញក្រុងគីបៀរ។

37 ទ័ពឆ្មក់វាយសម្រុកយ៉ាងលឿនចូលក្នុងក្រុងគីបៀរ ហើយចាប់យកទីក្រុង ព្រមទាំងសម្លាប់រង្គាលអ្នកក្រុងនោះទៀតផង។

38 កង‌ទ័ពអ៊ីស្រា‌អែលទាំងមូលបានសន្មតគ្នាជាមួយទ័ពឆ្មក់ថា នៅពេលមានផ្សែងហុយឡើងពីទីក្រុង

39 កង‌ទ័ពដែលរត់នៅមុខកង‌ទ័ពបេន‌យ៉ាមីន ត្រូវបកក្រោយវិញ។ កង‌ទ័ពបេន‌យ៉ាមីនសម្លាប់ទាហានអ៊ីស្រា‌អែលអស់ប្រមាណជាសាម‌សិបនាក់ ហើយពួកគេនឹកគិតថា៖ «ពួកវាប្រាកដជាបាក់ទ័ពរត់នៅមុខយើង ដូចលើកមុនដែរ!»។

40 ពេលនោះ ស្រាប់តែមានផ្សែងហុយឡើងយ៉ាងខ្មួល‌ខ្មាញ់ពីទីក្រុង។ កង‌ទ័ពបេន‌យ៉ាមីនក្រឡេកមើលក្រោយឃើញភ្លើងឆេះយ៉ាងសន្ធោ‌សន្ធៅចេញពីទីក្រុងទាំងមូល។

41 កង‌ទ័ពអ៊ីស្រា‌អែលក៏បកក្រោយ ធ្វើឲ្យកង‌ទ័ពបេន‌យ៉ាមីនភ័យតក់‌ស្លុតយ៉ាងខ្លាំង ដោយឃើញមហន្ត‌រាយកើតឡើងចំពោះពួកគេដូច្នេះ។

42 ពួកគេបែរក្រោយរត់គេចពីកង‌ទ័ពអ៊ីស្រា‌អែល សំដៅទៅវាលរហោ‌ស្ថាន ប៉ុន្តែ កង‌ទ័ពអ៊ីស្រា‌អែលបានដេញតាមពួកគេ ហើយទ័ពឆ្មក់ក៏ចេញពីក្រុងមកដែរ រួចវាយផ្ទប់សម្លាប់រង្គាលពួកគេដែលស្ថិតនៅចំកណ្ដាល។

43 កង‌ទ័ពអ៊ីស្រា‌អែលឡោម‌ព័ទ្ធទ័ពបេន‌យ៉ាមីន និងដេញសម្លាប់ពួកគេ រហូតដល់ខាងកើតក្រុងគីបៀរ មិនទុកឱកាសឲ្យពួកគេរត់រួចឡើយ។

44 ទាហានបេន‌យ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតអស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់។

45 ក្នុងចំណោមទាហានបេន‌យ៉ាមីន ដែលរត់គេចខ្លួនឆ្ពោះទៅវាលរហោ‌ស្ថាន មានប្រាំពាន់នាក់ត្រូវគេសម្លាប់ នៅតាមផ្លូវទៅផ្ទាំងថ្មរីម៉ូន។ កង‌ទ័ពអ៊ីស្រា‌អែលដេញតាមពួកគេរហូតដល់គី‌ដូម ហើយសម្លាប់បានពីរពាន់នាក់ថែមទៀត។

46 នៅថ្ងៃនោះ ទាហានបេន‌យ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតទាំងអស់ពីរម៉ឺនប្រាំពាន់នាក់។

47 រីឯពួកដែលរត់ទៅវាលរហោ‌ស្ថាន មានចំនួនប្រាំមួយរយនាក់បានរួចខ្លួន ពួកគេទៅដល់ផ្ទាំងថ្មរីម៉ូន ហើយស្នាក់នៅទីនោះអស់រយៈពេលបួនខែ។

48 កង‌ទ័ពអ៊ីស្រា‌អែលវិលត្រឡប់មកវិញ ប្រយុទ្ធនឹងពួកបេន‌យ៉ាមីនដែលនៅសល់ ហើយសម្លាប់ពួកគេដោយមុខដាវ ទាំងមនុស្ស ទាំងហ្វូងសត្វ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់គេទៀតផង។ កង‌ទ័ពអ៊ីស្រា‌អែលទៅដល់កន្លែងណា គេដុតកម្ទេចទីក្រុងទាំងប៉ុន្មាននៅកន្លែងនោះ។