ចៅហ្វាយ 2

ព្រះ‌អម្ចាស់ស្ដីបន្ទោសប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

1 នៅគ្រានោះ ទេវតារបស់ព្រះ‌អម្ចាស់បានឡើងពីគីល‌កាល់ទៅបូគីម ហើយពោលទៅកាន់ជន‌ជាតិអ៊ីស្រា‌អែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុក ដែលយើងបានសន្យាជាមួយពួកបុព្វបុរស*ថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្ដាច់សម្ពន្ធ‌មេត្រី*ដែលយើងចងជាមួយអ្នករាល់គ្នាឡើយ ។

2 រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធ‌មេត្រីជាមួយប្រជា‌ជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំង‌ឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?

3 ដូច្នេះ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្ដេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។

4 នៅពេលឮទេវតារបស់ព្រះ‌អម្ចាស់ពោលដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ក៏នាំគ្នាទ្រហោយំ។

5 គេដាក់ឈ្មោះកន្លែងនោះថា បូគីម ហើយនាំគ្នាថ្វាយយញ្ញ‌បូជាដល់ព្រះ‌អម្ចាស់។

លោកយ៉ូស្វេទទួលមរណ‌ភាព

6 លោកយ៉ូស្វេបានឲ្យប្រជា‌ជនវិលត្រឡប់ទៅវិញ ជន‌ជាតិអ៊ីស្រា‌អែលក៏នាំគ្នាទៅចាប់យកចំណែកទឹកដី ដែលជាមត៌ករបស់គេរៀងៗខ្លួន។

7 ពួកគេគោរពបម្រើព្រះ‌អម្ចាស់ក្នុងអំឡុងពេលដែលលោកយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកទទួលមរណ‌ភាពផុតទៅ គេនៅតែគោរពបម្រើព្រះ‌អង្គតទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្ដុង្គ‌ឧត្ដម ដែលព្រះ‌អម្ចាស់បានធ្វើចំពោះជន‌ជាតិអ៊ីស្រា‌អែល។

8 លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានទទួលមរណ‌ភាព ក្នុងជន្មាយុមួយរយដប់ឆ្នាំ ។

9 គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-‌ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។

10 មនុស្សជំនាន់នោះក៏ទៅជួប‌ជុំនឹងដូនតារបស់គេ ដែលចែកស្ថានទៅហើយ ហើយមានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់ព្រះ‌អម្ចាស់ហើយក៏មិនស្គាល់ស្នាព្រះ‌ហស្ដ ដែលព្រះ‌អង្គបានធ្វើចំពោះអ៊ីស្រា‌អែលដែរ។

ប្រជា‌ជនអ៊ីស្រា‌អែលបោះបង់ចោលព្រះ‌អម្ចាស់

11 ជន‌ជាតិអ៊ីស្រា‌អែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដោយនាំគ្នាគោរពបម្រើព្រះបាល។

12 ពួកគេបានបោះបង់ចោលព្រះ‌ជា‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជា‌ជនដែលរស់នៅជុំ‌វិញពួកគេ។ ពួកគេក្រាបថ្វាយ‌បង្គំព្រះទាំងនោះ ជាហេតុបណ្ដាលឲ្យព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធ។

13 ពួកគេបានបោះបង់ចោលព្រះ‌អម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះ‌អាស‌ថារ៉ូតវិញ។

14 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងជន‌ជាតិអ៊ីស្រា‌អែលយ៉ាងខ្លាំង ព្រះ‌អង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរព្រៃ ដែលប្លន់យកទ្រព្យ‌សម្បត្តិពួកគេ ព្រះ‌អង្គប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំ‌វិញ យកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវទៀតឡើយ។

15 រាល់ពេលដែលពួកគេចេញទៅច្បាំងព្រះ‌អម្ចាស់ធ្វើឲ្យពួកគេបរា‌ជ័យជា‌និច្ច ដូចទ្រង់មានព្រះ‌បន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។

16 គ្រានោះព្រះ‌អម្ចាស់បានធ្វើឲ្យមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ចោរព្រៃ។

17 ប៉ុន្តែ ពួកគេមិនស្ដាប់បង្គាប់អស់លោកចៅហ្វាយ ជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះ‌ជាម្ចាស់ទៅគោរពថ្វាយ‌បង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទ‌បញ្ជារបស់ព្រះ‌អម្ចាស់ដូចពួកបុព្វបុរសទេ។

18 ពេលព្រះ‌អម្ចាស់តែង‌តាំងចៅហ្វាយណាម្នាក់ឲ្យដឹកនាំពួកគេ ព្រះ‌អង្គគង់ជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់លោក ដ្បិតព្រះ‌អម្ចាស់អាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរ ដោយខ្មាំងសត្រូវសង្កត់‌សង្កិន និងធ្វើបាប។

19 លុះចៅហ្វាយនោះទទួលមរណ‌ភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយ‌បង្គំព្រះដទៃ គឺពួកគេពុំបានលះ‌បង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។

20 ពេលនោះព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងជន‌ជាតិអ៊ីស្រា‌អែលយ៉ាងខ្លាំង ហើយមានព្រះ‌បន្ទូលថា៖ «ប្រជា‌ជាតិនេះបានផ្ដាច់សម្ពន្ធ‌មេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ ហើយមិនព្រមស្ដាប់បង្គាប់យើងទេ

21 ដូច្នេះ យើងក៏នឹងមិនបណ្ដេញប្រជា‌ជាតិណាមួយ ក្នុងចំណោមប្រជា‌ជាតិនានាដែលយ៉ូស្វេបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។

22 យើងនឹងប្រើប្រជា‌ជាតិទាំងនោះ ដើម្បីល្បង‌លមើលឲ្យដឹងថា តើអ៊ីស្រា‌អែលដើរតាមមាគ៌ារបស់យើង ដូចបុព្វបុរសរបស់គេឬយ៉ាងណា»។

23 ព្រះ‌អម្ចាស់ទុកប្រជា‌ជាតិទាំង‌ឡាយ ដែលព្រះ‌អង្គមិនបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកយ៉ូស្វេ ឲ្យរស់នៅក្នុងស្រុកតទៅមុខទៀត គឺព្រះ‌អង្គមិនប្រញាប់បណ្ដេញពួកគេចេញពីទឹកដីរបស់ខ្លួនឡើយ។